ចូលឆ្នាំថ្មីបីថ្ងៃខេត្តកំពង់ស្ពឺ មានភ្ញៀវមកលេជាង៣៣ម៉ឺននាក់
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺបានទទួលភ្ញៀវទេសចរ ប្រមាណជាង១៤ម៉ឺននាក់មកលេងកម្សាន្ត ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ។ភ្ញៀវមានការកើនឡើងទ្វេដងជារៀងរាល់ថ្ងៃ។នេះ បើយោងតាមការឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺនៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២២។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់ថា ក្នុងសង្ក្រាន្តឆ្នាំថ្មី២០២២នេះគឺ មានទេសចរមកលេងកម្សាន្តច្រើន។ក្នុងនោះភ្ញៀវបានទៅលេងនៅគ្រប់រមណីយដ្ឋាន សហគមន៍ នានា ក្នុងខេត្ត ហើយអ្វីដែលភ្ញៀវចាប់ចិត្តដក់អារម្មណ៍ខ្លាំងគឺរមណីយដ្ឋានធម្មជាតិគីរីរម្យ ទឹកធ្លាក់ ជ្រាវ និងកសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ។
ប្រភពដដែលបន្តថា នៅថ្ងៃទី១នៃសង្ក្រាន្តភ្ញៀវទេសចរណ៍មានត្រឹមតែ៤៩.២៨៨នាក់ប៉ុណ្ណោះ ហើយបានហក់ឡើងខ្ពស់ទ្វេដងនៅថ្ងៃសង្ក្រាន្តទី២ដែលមានរហូតដល់ជាង១០ម៉ឺននាក់និងកើនខ្ពស់បន្ថែមទៀតនៅថ្ងៃសង្ក្រាន្តទី៣គឺមានចំនួនជាង១៨ម៉ឺននាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក រស់ សុខ បានបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្ត ទាំងបីថ្ងៃនេះ ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរណ៍សរុបប្រមាណជាង៣៣ម៉ឺននាក់ គឺមានការ កើនឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗ(មុនឆ្នាំរីករាលដាលជំងឺកូវីដ-១៩)ដែលបានប្រារព្ធកម្មវិធីសង្ក្រាន្តទទួលទេវតាឆ្នាំថ្មី។
នៅក្នុងចំណោមនៃកំណើនភ្ញៀវទេសចរនេះលោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ឱ្យដឹងផងដែរថា សង្ក្រាន្តឆ្នាំនេះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរ អន្តរជាតិ ច្រើន គួរឱ្យកត់សម្គាល់ុ។ គិតត្រឹមរយៈពេលបីថ្ងៃមានចំនួនភ្ញៀវរហូតដល់ជិតពីរពាន់នាក់។
ជាមួយនិងការប្រារព្ធកម្មវិធីកំពង់ស្ពឺសង្ក្រាន្តទទួលទេវតាឆ្នាំថ្មី២០២២រយៈពេលបីថ្ងៃ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ថា អស់រយៈពេល២ឆ្នាំដែលខេត្តកំពង់ស្ពឺក៏ដូចបណ្តា ខេត្តនានាទូទាំងប្រទេសមិនបានប្រារព្ធពិធីនេះដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ដោយសារតែនយោបាយវ៉ាក់សាំងនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានចាក់ស្រោចលើពលរដ្ឋគ្រប់វ័យនៅគ្រប់មូលដ្ឋាន ទើបធ្វើឱ្យប្រជាពលរដ្ឋក៏ដូចថ្នាក់ដឹកនាំមានឱកាសប្រារព្ធពិធីចូលឆ្នាំនេះឡើងវិញនិងដោយសារតែផ្លែផ្កានៃសន្តិភាពបានធ្វើឱ្យប្រជាពលរដ្ឋមានស្នាមញញឹមគ្រប់គ្នា។
ជាមួយនឹងស្នាមញញឹមអភិបាលខេត្ត រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានថ្លែងនូវការកោតសរសើរដល់ ស្មារតី ទទួលខុសត្រូវនិងចំណាយអស់កម្លាំងកាយចិត្តរបស់កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ និងកម្លាំងចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងការថែរក្សាសុខសុវត្ថិភាពបងប្អូនក្នុងឱកាសដើរលេងកម្សាន្តសង្ក្រាន្តកំពង់ស្ពឺនិងការចេះអធ្យាស្រ័យគ្នារវាងគ្នាក្នុងឱកាសដ៏សែនសប្បាយរីករាយនេះ។
អភិបាលខេត្តរដ្ឋបាលខេត្តសន្យាថានៅឆ្នាំក្រោយៗទៀតនឹងរៀបចំកម្មវិធីសង្ក្រាន្តទទួលទេវតាឆ្នាំថ្មីឱ្យកាន់តែសប្បាយរីករាយជាងនេះតាមរយៈការរិះរកអ្វីដែលថ្មី ប្លែកនិងទាក់ទាញខ្លាំង៕





