ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវជាថ្មីឱ្យផ្អាកការប្រយុទ្ធគ្នារយៈពេលបួនថ្ងៃ នៅអ៊ុយក្រែន ក្នុងកំលុងពិធីបុណ្យអ៊ីស្ទើរ
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់ថូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃអង្គារបានអំពាវនាវឱ្យផ្អាករយៈពេល ០៤ថ្ងៃ ក្នុងការប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការបើកច្រករបៀងជំនួយមនុស្សធម៌ក្នុងអំឡុងពិធីបុណ្យ Orthodox Christian Holy Week។
ដោយសារការវាយលុករបស់រុស្ស៊ីកាន់តែខ្លាំងនៅភាគខាងកើតអ៊ុយក្រែន ចំពេលពិធីបុណ្យអ៊ីស្ទើរចូលមកដល់នោះ លោក ហ្គូដទែរ៉េស បានប្រាប់អ្នកយកព័ត៌មានថា បទឈប់បាញ់មនុស្សធម៌គឺមានសារៈសំខាន់ណាស់ និងថា ជនស៊ីវិលនឹងត្រូវបានជម្លៀសចេញពីតំបន់ប្រឈមមុខគ្នានាពេលបច្ចុប្បន្ន ហើយជំនួយមនុស្សធម៌នឹងត្រូវបានបញ្ជូនទៅកន្លែងខ្វះខាតខ្លាំងដូចជាទីក្រុងម៉ារីយូប៉ូល, ដូណេតក៍, លូហាន់ក៍ និងខើសុន។
បើតាមមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ មនុស្សជាង ៤លាននាក់នៅក្នុងតំបន់ទាំងនោះកំពុងត្រូវការជំនួយ។ ប្រមុខការអង្គការសហប្រជាជាតិរូបនេះបានបញ្ជាក់ដូច្នេះថា រយៈពេលបួនថ្ងៃនៃពិធីបុណ្យអ៊ីស្ទើរ គួរតែជាពេលមួយដើម្បីរួបរួមគ្នាជួយសង្គ្រោះជីវិត និងការបន្តកិច្ចចរចា ដើម្បីបញ្ចប់ការឈឺចាប់នៅក្នុងប្រទេសអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា




