វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ជាងមួយម៉ឺននាក់ទៀតក្នុងមួយថ្ងៃ
ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១៣,៥០០ករណីបន្ថែមទៀត កាលពីថ្ងៃទី១៩ មេសា នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ១,០២២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន ៨៣៨ករណី និងខេត្ត Yên Bái ៦០៥ករណី។ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ចំនួន ១៨នាក់បន្ថែមទៀតផងដែរ។
គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៤៨៩,៣១៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,០៦៥,៦៩៤នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤២,៩៧៥៕ ប្រែសម្រួល៖ សារ៉ាត





លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ