អ្នកជំនាញព្យាករណ៍ថា សេដ្ឋកិច្ចអាស៊ីនឹងកើនឡើង៤.៨%នៅឆ្នាំ២០២២នេះ
ប៉េកាំង៖ អ្នកជំនាញម្នាក់បាននិយាយនៅឯវេទិកា Boao សម្រាប់អាស៊ី (Boao for Asia) នៅថ្ងៃពុធថា កំណើនសេដ្ឋកិច្ចរបស់អាស៊ីនឹងឈានដល់៤.៨ភាគរយនៅឆ្នាំ២០២២។
ការព្យាករណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយលោក Zhang Yuyan ប្រធានវិទ្យាស្ថានសេដ្ឋកិច្ច និងនយោបាយពិភពលោក ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ក្នុងនាមក្រុមស្រាវជ្រាវសម្រាប់របាយការណ៍ថ្មីមួយ។
ល្បឿននៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅអាស៊ីមាននិរន្តរភាព បើទោះបីជាជំងឺរាតត្បាត COVID-19 ធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ។ នេះបើតាមរបាយការណ៍ដែលមានចំណងជើងថា “ទស្សនវិស័យសេដ្ឋកិច្ចអាស៊ី និងវឌ្ឍនភាពសមាហរណកម្ម” ដែលចេញផ្សាយដោយវេទិកា Boao សម្រាប់អាស៊ី (BFA)។
របាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា កត្តាជាច្រើននឹងនៅតែប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់អាស៊ីក្នុងឆ្នាំ២០២២ ក្នុងនោះមានដូចជាជំងឺរាតត្បាត, បញ្ហាបំណុល និងការផ្គត់ផ្គង់ផលិតផលចម្បងៗជាដើម។
គួរបញ្ជាក់ថា ក្នុងនាមជាវេទិកាដែលប្រកបដោយកម្លាំងឥទ្ធិពលសកលមួយ ជានិច្ចកាលវេទិកា Boao សម្រាប់អាស៊ីតែងតែជាបង្អួចដ៏សំខាន់មួយ សម្រាប់មជ្ឈដ្ឋនខាងក្រៅសង្កេតមើលការបើកទូលាយនៃប្រទេសចិន។
ពីភូមិនេសាទតូចមួយដល់ឆាកអន្តរជាតិ ដែលមានឈ្មោះល្បីរន្ទឺ វេទិកា Boao សម្រាប់អាស៊ីនឹងទាក់ទាញក្រសែភ្នែករបស់ពិភពលោកជាថ្មីម្តងទៀត៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា



