រដ្ឋសភាកម្ពុជាបានត្រៀមរួចរាល់ហើយសម្រាប់ការទទួលដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា នៅកម្ពុជា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អំ ប៊ីឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌានឹងអញ្ជើញដឹកនាំគណៈប្រតិភូសភាជាន់ទាបឥណ្ឌាបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថាគោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ គឺធ្វើឡើង ក្នុងឱកាសខួបទី៧០ឆ្នាំ នៃទំនាក់ទំនង មិត្តភាពការទូត ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ដែលជិតឈានចូលមកដល់ និងដើម្បីពង្រឹងពង្រីកចំណង មិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិឱ្យកាន់តែរីកចម្រើន រឹងមាំ និងគ្រប់ជ្រុងជ្រោយ ថែមទៀត។

បើយោងតាមសេចក្តីព្រាងកម្មវិធី ឯកឧត្តម អំ ប៊ីឡា (OM BIRLA) ប្រធានសភាជាន់ទាបឥណ្ឌានឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងយន្តហោះK6-817 នារាត្រីថ្ងៃទី២១ខែមេសា ឆ្នាំ២០២២ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នឹងអញ្ជើញទទួលស្វាគមន៍លោកនៅអាកាសយានដ្ឋានដោយផ្ទាល់។

ក្នុងដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃនៅកម្ពុជានេះ ឯកឧត្តមប្រធានសភាជាន់ទាបឥណ្ឌា នឹងអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូសភានៃសាធារណរដ្ឋឥណ្ឌា ក៏នឹងអញ្ជើញទៅទស្សនកិច្ចខេត្តសៀមរាប ដោយគ្រោងនឹងទស្សនាប្រាសាទ តាព្រហ្ម ប្រាសាទបាយ័ននិងប្រាសាទអង្គរវត្ត។

សូមជម្រាបថា ក្នុងទំនាក់ទំនងការទូតរយៈពេល ៧០ឆ្នាំមកនេះ ប្រធានាធិបតីឥណ្ឌាចំនួន ២ រូបហើយ ធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ធ្លាប់អញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌា ៩ លើករួចមកហើយដែរ៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner