ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំដល់មន្ត្រីទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់បំពេញតួនាទីឱ្យបានល្អ
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញផ្ទេរភារកិច្ច និងប្រកាសតែងតាំងស្នងការរងនគរបាលរាជធានីភ្នំពេញចំនួន២រូប, នាយការិយាល័យចំនួន២រូប និងអធិការនគរបាលថ្មីខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោកវរសេនីយ៍ឯក ងួន ស៊ីរ៉ា នាយការិយាល័យបុគ្គលិក បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងសេចក្តីសម្រេចស្តីពី ការបែងចែកភារកិច្ចជូនស្នងការរង ជូនដល់អង្គពិធីផងដែរ។ ស្នងការរងចំនួន២រូប ដែលទើបនឹងតែងតាំងថ្មី បានឡើងមានមតិចាប់អារម្មណ៍ និងប្តេជ្ញាចិត្តរបស់តំណាង នាយនគរបាលជាតិ ចំពោះមុខឧត្តមសេនីយ៍ឯក ស ថេត ព្រមទាំងអ្នកចូលរួមទាំងមូលផងដែរ ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ស ថេត បានចូលរួមអបអរសាទរដល់នាយនគរបាលទាំងអស់ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ជាពិសេសលោកស្នងការ បានណែនាំដល់មន្ត្រី តែងតាំងថ្មីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានល្អ ត្រូវបម្រើអង្គភាព និងប្រជាពលរដ្ឋឱ្យបានល្អបំផុត។
ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់ លោកនាយការិយាល័យសណ្តាប់ធ្នាប់ដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំង ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ តាមគ្រប់គោលដៅដែលតែងតែប្រឈមបញ្ហាចត ឬលក់ដូរគ្មានសណ្តាប់ធ្នាប់។ ចំពោះលោកអធិការនគរបាលខណ្ឌជ្រោយចង្វារ ដែលទើបតែងតាំងថ្មី ក៏ត្រូវបានណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់ លើការដឹកនាំអង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសត្រូវមានផែនការ ច្បាស់លាស់ក្នុងការ រៀបចំចាត់ចែងកម្លាំង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាការផ្តល់សេវាសាធារណៈទូទៅជូនប្រជាពលរដ្ឋឱ្យបានល្អ។
ឆ្លៀតក្នុងឱកាសនេះលោកស្នងការ បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការជួយសម្រួលចរាចរណ៍មុនពេលចូលឆ្នាំពេលចូលឆ្នាំ និងក្រោយពេលចូលឆ្នាំ។
ជាមួយនេះ លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវខិតខំបន្ថែម ដេីម្បីបម្រេីសង្គមជាតិ អង្គភាព និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសេីរឡេីងថែមទៀត និងថែរក្សាដោយអនុវត្តឱ្យបានល្អនូវវិធានការ «៣កុំ និង៣ការពារ»៕ ដោយ ប៊ុនធី






