អភិបាលរងខណ្ឌច្បារអំពៅ២រូប ដឹកនាំកម្លាំងសំអាតបរិស្ថានក្នុងបរិវេណវិទ្យាល័យច្បារអំពៅ
ភ្នំពេញ៖ ព្រឹកថ្ងៃទី៣១ ខែតុលានេះ អភិបាលរងខណ្ឌ២រូប រួមមាន លោកស្រី ហេង សុវត្ថា និងលោករស់ សុភក្តិ បានដឹកនាំមន្រ្តីសាលាខណ្ឌ កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ចុះធ្វើពលកម្មសំអាតបរិស្ថាន នៅក្នុងបរិវេណវិទ្យាល័យច្បារអំពៅ ដើម្បីអបអរសាទរបវេសនកាលថ្មីឆ្នាំសិក្សា២០១៩-២០២០។ សកម្មភាពរបស់អភិបាលរងខណ្ឌទាំង២រូប ក្នុងការចុះធ្វើពលកម្មសម្អាតបរិស្ថាន នៅពេលពេលនេះ គឺដើម្បីត្រៀមលក្ខណៈឲ្យសិស្សានុសិស្សទាំងអស់ចូលរៀនក្នុងឆ្នាំសិក្សាថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែវិច្ឆិការតទៅ។

ក្នុងពិធីនេះដែរ អភិបាលរងខណ្ឌទាំង២រូប បានថ្លែងទៅកាន់សិស្សានុសិស្សក្នុងន័យដូចគ្នាថា សាលាគឺជាថ្នាលសម្រាប់បណ្តុះចំណេះដឹងទូទៅ រួមនឹងផ្តល់ការអប់រំនូវសីលធ៌ម គុណធ៌ម សុជីវធម៌ សច្ចៈធម៌ និងចរិយាធ៌ម ដល់សិស្សានុសិស្សគ្រប់ៗរូប។ សាលារៀនល្អ បរិស្ថានល្អ ក៏ជាទីកន្លែងគួរជាទីចូលចិត្តរបស់សិស្សានុសិស្សក្នុងការសិក្សា ដូច្នេះសូមប្អូនៗ ក្មួយដែលជាទំពាំងស្នងឫស្សីត្រូវខិតខំរៀនសូត្រស្រូបយកចំណេះដឹង ធ្វើខ្លួនឲ្យក្លាយជាសិស្សល្អ មិត្តល្អ និងកូនល្អ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ការធ្វើពលកម្មសំអាតបរិស្ថានក្នុងសាលានាពេលនេះ រួមមាន ការបោសសំអាតសំរាម សំអាតស្មៅក្នុងទីធ្លាសាលា និងបាញ់ថ្នាំមូសគ្រប់ទីកន្លែងអស់ទាំងក្នុងថ្នាក់រៀន និងជុំវិញបរិវេណសាលា។ ជាមួយគ្នានេះដែរ លោក លោកស្រីជាអភិបាលបាលរង ក៏បានអំពាវនាវដល់គណៈនាយកនៃបណ្តាសាលារៀនទាំងអស់ ក្នុងខណ្ឌច្បារអំពៅ ត្រូវនាំគ្នាធ្វើពលកម្មសំអាតបរិវេណសាលា និងថ្នាក់រៀនឲ្យបានស្អាតជាប្រចាំដើម្បីជាជំនួយស្មារតីឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ៕ធ.ដ
ដោយៈ សណ្តោស





