ការសិក្សាថ្មីមួយព្រមានថា នៅឆ្នាំ២០៥០ ការឡើងកម្ពស់ទឹកសមុទ្រនឹងបង្កផលប៉ះពាល់ ដល់មនុស្ស៣០០លាននាក់ ជាពិសេសនៅតំបន់អាស៊ី

បរទេស៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានព្រមានថា ការកើនឡើងកម្ពស់ទឹកសមុទ្រ អាចនឹងជះផលប៉ះពាល់ដល់មនុស្សប្រមាណ៣ដងនៅឆ្នាំ២០៥០ខាងមុខ ច្រើនជាងការប៉ាន់ស្មានកាលពីលើកមុន។ មនុស្សប្រមាណ៣០០លាននាក់ មានប្រហែល៧៥ភាគរយនៃពួកគេ ដែលរស់នៅតំបន់ឆ្នេរនៃប្រទេសចិន បង់ក្លាដែស ឥណ្ឌា វៀតណាម ឥណ្ឌូនេស៊ី និងថៃ ទំនងជាប្រឈមមុខខ្លាំងជាមួយគ្រោះទឹកជំនន់។

អ្នកនិពន្ធឯកសារស្រាវជ្រាវមួយ ដែលចេញផ្សាយនៅក្នុងសប្តាហ៍នេះ បានបង្កើតវិធីត្រឹមត្រូវជាងមុន ក្នុងការគណនាកម្ពស់ដី ដោយផ្អែកលើការអានផ្កាយរណប ដែលជាវិធីស្តង់ដារនៃការប៉ាន់ស្មាន ពីផលប៉ះពាល់នៃការកើនឡើងកម្ពស់ទឹកសមុទ្រលើតំបន់ធំៗ ហើយបានរកឃើញថា ការប៉ាន់ស្មានលើកមុនៗមិនទាន់មានភាពច្បាស់លាស់ខ្លាំងទេ។ ការស្រាវជ្រាវថ្មីនេះបានបង្ហាញថា មនុស្សប្រហែល១៥០លាននាក់ឥឡូវនេះកំពុងរស់នៅលើដី ដែលនឹងស្ថិតនៅក្រោមទឹកសមុទ្រនៅពាក់កណ្តាលសតវត្សរ៍ទី២១នេះ។

ប្រជាជនជាង២០លាននាក់ នៅវៀតណាម ដែលស្ទើរតែស្មើមួយភាគបួននៃចំនួនប្រជាជនសរុបសព្វថ្ងៃកំពុងរស់នៅលើដី ដែលនឹងលិចក្រោមសមុទ្រនាពេលអនាគត។ នេះបើតាមការស្រាវជ្រាវផលិតដោយអង្គការ ក្លាយម៉េត សិនត្រល់ ដែលជាអង្គការវិទ្យាសាស្ត្រមានមូលដ្ឋាននៅរដ្ឋញូវជើស៊ី និងចុះផ្សាយនៅក្នុងទិនានុប្បវត្តិ ណេតជើ ខមម៊្យូនីខេសិន។

ក្នុងប្រទេសថៃ ប្រជាជនជាង១០ភាគរយបច្ចុប្បន្នរស់នៅលើដី ដែលទំនងជានឹងត្រូវលិចលង់នៅឆ្នាំ២០៥០ ប្រៀបធៀបទៅនឹងការព្យាករណ៍មុន គឺមានតែ១ភាគរយប៉ុណ្ណោះ។ រាជធានីនយោបាយ និងពាណិជ្ជកម្មបាងកក គឺងាយរងគ្រោះលិចលង់ខ្លាំងបំផុត។ ទីក្រុងផ្សេងទៀតដែលនឹងត្រូវលិចលង់ក្នុងឆ្នាំ២០៥០ដែរនោះ រួមមានទីក្រុងសៀងហៃរបស់ចិន និងទីក្រុងមុំបៃ របស់ឥណ្ឌា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner