បញ្ជូនជនសង្ស័យ៩នាក់ ទៅតុលាការ ករណីជួញដូរ រក្សាទុក ប្រើប្រាស់គ្រឿងញៀន និងលួច
ភ្នំពេញ៖ ជនសង្ស័យចំនួន៩នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅតុលាការ ករណីជួញដូរ រក្សាទុក ប្រើប្រាស់គ្រឿងញៀន និងករណីលួច នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនោះរួមមាន៖ ករណីលួច១រឿង មាន២នាក់ ករណីប្រើប្រាស់គ្រឿងញៀន១រឿង មាន៤នាក់ រក្សាទុកគ្រឿងញៀន១រឿង មាន២នាក់ និងករណីជួញដូរគ្រឿងញៀន១រឿង មាន១នាក់។

មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿងរួចរាល់។ ពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។

ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ច ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបាន ទាន់ពេលវេលា៕ធ.ដ