ប្រមុខការទូតកម្ពុជាលើកទឹកចិត្តឱ្យពង្រឹងបន្ថែមទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៊ីតាលី
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងយូរលង់ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអ៊ីតាលី និងបានជំរុញលើកទឹកចិត្តឱ្យពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងឱកាសឯកឧត្តម Lorenzo GALANTI ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំកម្ពុជា មាននិវេសនដ្ឋាន នៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
ក្នុងក្របខ័ណ្ឌទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីអំពីការអរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះរដ្ឋាភិបាលអ៊ីតាលី ដែលបានផ្តល់អំណោយវ៉ាក់សាំងអាស្ត្រាហ្សែននិកា (Astra Zeneca) ចំនួន ១,៥៦លានដូសដល់កម្ពុជា ហើយដែលត្រូវបានរៀបចំពិធីទទួលផ្ទាល់ដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដែលជំនួយនេះបានបង្ហាញពីសាមគ្គីភាពជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងស្មារតីសាមគ្គីភាពជាសកលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កាលពីពេលកន្លងមក កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរ Westerdam ដែលត្រូវ បានបដិសេធការចូលចតដោយប្រទេសមួយចំនួន ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានផ្តល់ជំនួយវ៉ាក់សាំង និងគ្រឿងបរិក្ខារវេជ្ជសាស្រ្តទៅប្រទេសមួយចំនួនរួមមាន មីយ៉ាន់ម៉ា ឡាវ វៀតណាម នេប៉ាល់ និងទីម័រខាងកើត ជាដើម និងបានបញ្ជូនកងកម្លាំងកម្ពុជាជាង៨ពាន់នាក់ទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសមួយចំនួន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរដែលបានស្តែងឱ្យឃើញតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម និងវត្តមាននៃម៉ាកផលិតផល និងហាងអាហារល្បីៗរបស់អ៊ីតាលី នៅក្នុងប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា បើទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មទ្វេភាគីមានស្ថិរភាពល្អ និងបន្តកើនឡើងលំដាប់ ព្រមទាំងបានលើកទឹកចិត្តឱ្យភាគីទាំងពីររិះរកមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យអ៊ីតាលីពិនិត្យពិចារណាឡើងវិញអំពីការយកពន្ធខ្ពស់លើការនាំចូលអង្កររបស់កម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះអ៊ីតាលីផងដែរ ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងវិស័យវប្បធម៌ ក្រោមក្របខ័ណ្ឌអាជ្ញាធរជាតិអប្សរា តាមរយៈការបណ្តុះបណ្តាលអ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរ។


ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះលទ្ធផលដ៏ល្អប្រសើរនៃយុទ្ធនាការចាក់ វ៉ាក់សាំងនៅកម្ពុជា និងបានថ្លែងអំណរកម្ពុជាដែលបានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនដល់ជនជាតិអ៊ីតាលី ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយនឹងការផ្តល់នូវកិច្ចសហការដ៏ល្អរបស់ក្រសួងកបទ.សអ ជូនចំពោះ ឯកឧត្តម ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត ដោយត្រួសៗអំពីសភាពការណ៍ និងការប្រឈមជាក់ស្តែងនៅមីយ៉ាន់ម៉ា ហើយនឹងលទ្ធផលនៃទស្សនកិច្ចលើកទី១ របស់ ឯកឧត្តម ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ព្រមទាំងជំហានការងារនាពេលបន្ទាប់សំដៅជំរុញការអនុវត្តការឯកភាពជាឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។
ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន និងការខិតខំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីផ្ទាល់ ក្នុងនាមជាប្រេសិតពិសេស ក្នុងការរកដំណោះស្រាយចំពោះវិបត្តិចាក់ស្រេះនៅមីយ៉ាន់ម៉ា ព្រមទាំង បានសម្តែងនូវក្តីសង្ឈឹមថា កម្ពុជានឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាចំពោះវិបត្តិមីយ៉ាន់ម៉ា នាពេលខាងមុខ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្តោតការយកចិត្តទុកដាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី លើបញ្ហាចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះកម្ពុជាផងដែរដែលបានគាំទ្រអ៊ីតាលីជាដៃគូសន្ទនារបស់អាស៊ាន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអ៊ីតាលីដែលបានផ្តល់ជំនួយដល់មជ្ឈមណ្ឌល តំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ហើយដែលជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងជាថ្មី នូវការបន្តគាំទ្រ និងជួយឧបត្ថម្ភរបស់ប្រទេសអ៊ីតាលីចំពោះមជ្ឈមណ្ឌល ARMAC នេះ។ ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិនានា ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីការដាក់បេក្ខភាពអ៊ីតាលីជាប្រទេសរៀបចំ World Expo 2030 ព្រមទាំង បានស្នើសុំការគាំទ្រពីកម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះកម្ពុជាផងដែរ ដែលបានគាំទ្របេក្ខភាពរបស់អ៊ីតាលីនៅក្នុងស្ថាប័នជំនាញផ្សេងៗរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗដែលកំពុងកើតឡើង៕
ដោយ៖ពលជ័យ