សិក្ខាសាលាស្តីពីការអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសមីក្រូ និង SME
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសមីក្រូ និង SME ត្រូវធ្វើសិក្ខាសាលា និងដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ដោយមានការចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ រួមនឹងក្រសួងស្ថាប័នពាក់ព័ន្ឋ តំណាងខេត្តទាំង១១នៃគោលដៅគម្រោង អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន។
ឯកឧត្តម ជា សំណាង អគ្គលេខាធិការគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ បានឲ្យដឹងថា គម្រោងនេះ ផ្តួចផ្តើមឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិត ផល១ សហការជាមួយអង្គការ OXFARM ក្នុងរយៈពេល៨ខែ ដោយចាប់ផ្តើមពីខែមសា ដល់ខែធ្នូ ២០២២ នៅខេត្តគោលដៅចំនួន៨ គឺខេត្តកំពត, តាកែវ, ព្រះសីហនុ, សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ចាម និងរាជធានីភ្នំពេញ និងពិភាក្សារកដៃគូ ៣ទៀត គឺអង្គការតម្លាភាពអន្តរជាតិ ស្ថាប័ន Micro Finance L.O.L.C, និងក្រុមហ៊ុន Cambrew ដើម្បីពង្រីកទៅ ៣ ខេត្តទៀត គឺខេត្តស្វាយរៀង, កំពង់ឆ្នាំង និងឧត្តរមានជ័យ។
ដោយឡែក លោកស្រី ភាណ សោភ័ណ នាយិកាអង្គការ OXFARM បានឲ្យដឹងដែរថា គោលដៅនៃគម្រោងបរិយាបន្នសេដ្ឋកិច្ច និងហិរញ្ញវត្ថុបៃតងរបស់អង្គការ OXFARM គឺដូចគ្នាទៅនឹងគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ គឺលើកកម្ពស់ទីផ្សារសម្រាប់ផលិតករ និងសេវាករក្នុងស្រុក តាមរយៈការពង្រឹងសមត្ថភាពសហគមន៍កសិករ និង Micro/SME ដោយជម្រុញឱ្យមានការឆ្លងឆ្លើយគ្នារវាងអ្នកទិញ និងអ្នកលក់ និងការគាំទ្រប្រព័ន្ធ Ecosystem ផងដែរ។ លទ្ធផលនៃគម្រោងនេះ ក៏ជាជំហានមួយដែលយើងអាចចាប់ផ្តើមឈានទៅជំហានទី២បន្តទៀត។
ជាមួយនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្តេជ្ញាថា នឹងជម្រុញឲ្យមន្ត្រីពាក់ព័ន្ឋនៃក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចសហការជាមួយគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ឲ្យកាន់តែជិតស្និទ្ឋ និងសកម្មថែមទៀតដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ហើយឯកឧត្តមសង្ឃឹម និងជឿជាក់ថា យើងនឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយដើម្បីជម្រុញ និងគាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករខ្មែរ ក្នុងគោលដៅកែលម្អជីវភាពរស់ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិ១មួយផលិតផល១ គឺជាស្ថាប័នរដ្ឋមួយ ដែលមានបេសកកម្មសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីជួយលើកកម្ពស់ផលិតផលខ្មែរ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ដែលបាននិងកំពុងផលិតនូវផលិតផលនានានៅតាមសហគមន៍ និងសហគ្រាសធុនតូច និងមធ្យម ។ល។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១, ឯឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងស្ថាប័នពាក់ព័ន្ឋទាំងអស់ ព្រមទាំងអង្គការជាតិ អន្តរជាតិ និងវិស័យឯកជនដែលបានរួមគ្នាគិត រួមគ្នាធ្វើ ក្នុងការលើកកម្ពស់ផលិត ផលខ្មែរ ការពង្រឹងគុណភាពផលិតផល ការរកទីផ្សារ ការការពារអត្តសញ្ញាណផលិតផលនានាក្នុងសហគមន៍ ការកសាងសមត្ថភាពកសិករ ផលិត ករ សិប្បករនិងសេវាករនានា ក្នុងក្របខ័ណ្ឌសមាជិកចលនាភូមិ១ផលិត ផល១ នៅទូទាំងប្រទេស ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី








