លោក ដូណាល់ ត្រាំ គ្រោងបញ្ជូនភ្នាក់ងារសហព័ន្ធបន្ថែមទៅកាន់បណ្តាទីក្រុងនានារបស់សហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់អំពើហិង្សា
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសពីផែនការថ្មីមួយនៅថ្ងៃពុធនេះ ក្នុងការបញ្ចូនភ្នាក់ងារសហព័ន្ធបន្ថែមទៀត ទៅកាន់បណ្តាទីក្រុងនានារបស់សហរដ្ឋអាម៉េរិក ដើម្បីបង្ក្រាបបទឧក្រិដ្ឋហិង្សា មុនពេលឆ្ពោះទៅកាន់ការបោះឆ្នោតរើសប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។
ផែនការខាងលើនេះត្រូវបានលោក ដូណាល់ ត្រាំ បង្ហើបឱ្យដឹងអំឡុងព្រឹត្តិការណ៍មួយនៅឯសេតវិមាន ដោយលោកអគ្គរដ្ឋរាជអាជ្ញាអាម៉េរិក វីលៀម បារ បានបង្ហាញពីការពង្រីកកម្មវិធីដែលមានឈ្មោះថា “អប់ភើរ៉េសិន លីជេន” ឬ “ប្រតិបតិ្តការវីរៈជន” ដើម្បីរួមបញ្ចូលទីក្រុងជាច្រើន ក្នុងនោះមានដូចជា ឈីកាហ្គោ, អាល់ប៊ូហ្គើហ្គេ និងរដ្ឋ ញ៊ូ ម៉ិចស៊ីកូ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដោយមន្រ្តីសហព័ន្ធ ដើម្បីដោះស្រាយអំពើហិង្សា ។
សូមបញ្ជាក់ថា ការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនមន្ត្រីអនុវត្តច្បាប់យោធាបន្ថែមទៀតចូលទៅក្នុងទីក្រុងនានារបស់សហរដ្ឋអាម៉េរិក ភាគច្រើនគឺដើម្បីឆ្លើយតបទៅនឹងបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលអង្រួនប្រទេស បន្ទាប់ពីមរណភាពរបស់លោក ចច ហ្វូយដ៍ ជាជនជាតិអាហ្រ្វិក-អាម៉េរិក នៅក្រោមជង្គង់របស់មន្ត្រីប៉ូលិសក្រុងមីននីប៉ូលីសកាលពីខែឧសភាកន្លងទៅនេះ ៕





