កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​ដ៏​ល្អ​ដែលមាន​ស្រាប់​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក ​និង​ដើម្បី​សន្ដិភាព ស្ថិរភាព និងវិបុលភាព​ក្នុង​តំបន់

​ភ្នំពេញ៖ កម្ពុជា​ និង​អូស្ត្រាលី​ បានបញ្ជាក់​ឡើងវិញ​អំពី​ការប្ដេជ្ញាចិត្ត​ធ្វើ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដ៏​ល្អ​ដែលមាន​ស្រាប់​របស់ខ្លួន ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ និង​ដើម្បី​សន្ដិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ ជាពិសេស ក្នុងអំឡុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​។ ភាគី​អូស្ដ្រាលី​បានបញ្ជាក់​ឡើងវិញ​នូវ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ផ្ដល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ដល់​កម្ពុជា ដើម្បី​គាំទ្រ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ និង​សុខាភិបាល ដែល​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។

​ការបញ្ជាក់​របស់​ភាគី​ទាំងពីរ បាន​ធ្វើឡើង​នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី លើក​ទី​៣ រវាង​កម្ពុជា និង​អូស្ដ្រាលី ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីក្រុង​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី ដោយមាន​លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​កម្ពុជា និង​លោកជំទាវ កា​ទ្រី​ណា ឃូ​ប​ភើ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ដ្រាលី ធ្វើជាសហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​។

​ប្រភព​ក្រសួងការបរទេស​បាន​បញ្ជាក់ថា ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ភាគី​ទាំងពីរ​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដ៏​យូរអង្វែង និង​ចាស់ទុំ ដែល​ត្រូវបាន​ពូន​ជ្រំ​ដោយ​ក្តី​ពេញចិត្ត​ពី​សំណាក់​ប្រជាជន​ទាំងពីរ ខណៈដែល​ប្រទេស​ទាំងពីរ​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​នៅក្នុង​ឆ្នាំនេះ​។​

ភាគី​ទាំងពីរ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្នុង​អតីតកាល​និង​បច្ចុប្បន្ន​លើ​វិស័យ​នានា​ជាច្រើន​រួមមាន​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​វិនិយោគ​ការពារជាតិ​ និង​សន្ដិសុខ​កសិកម្ម​អប់រំ​សុខាភិបាល ​និង​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​និង​ប្រជាជន​។

ភាគី​ទាំងពីរ​ក៏បាន​បញ្ជាក់​ឡើងវិញ​នូវ​ការប្ដេជ្ញាចិត្ត​ធ្វើការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដ៏​ល្អ​ដែលមាន​ស្រាប់​របស់ខ្លួន​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ និង​ដើម្បី​សន្ដិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ ជាពិសេស ក្នុងអំឡុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​។​

​ចំពោះ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សន្តិសុខ ​និង​ការពារជាតិ​ភាគី​ទាំងពីរ​បានកត់សម្គាល់​នូវ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ក្នុង​រយៈពេល​កន្លងមក​លើ​វិស័យ​នគរបាល​និង​ការអនុវត្ត​ច្បាប់​ដែលមាន​សកម្មភាព​ជាច្រើន​ផ្តោតលើ​ការគំរាមកំហែង​ពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែលជា​កង្វល់​រួមគ្នា ជាពិសេស ការកេងប្រវ័ញ្ច​លើ​កុមារ និង​ការលាង​លុយកខ្វក់​។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​ទស្សនៈ​អំពី​វិធីសាស្ដ្រ​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​អូស្ដ្រាលី លើ​វិស័យ​សន្ដិសុខ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​ការគ្រប់គ្រង​ព្រំដែន​។

​កិច្ចប្រជុំ​ក៏បាន​ទទួលស្គាល់​នូវ​សារៈសំខាន់​នៃ​ការរក្សា​ការចូលរួម​យ៉ាងសកម្ម​រវាង​មន្ត្រី​សន្ដិសុខ​និង​ការពារជាតិ​នៃ​ប្រទេស ទាំងពីរ​តាមរយៈ​វេទិកា​ទ្វេភាគី​ និង​ពហុភាគី​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទាំងនេះ​បន្ថែមទៀត​។ ​អូស្ត្រាលី​ក៏បាន​សន្យា​គាំទ្រ​កម្ពុជា​ក្នុង​ការកសាង​សមត្ថភាព​ការផ្ដល់​ជំនួយ​បច្ចេកទេស​ និង​ការបណ្ដុះបណ្ដាល​ក្នុង​ការងារ​ដ៏​សំខាន់​នេះ​។​

​ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច ភាគី​ទាំងពីរ​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​បាន​ពិភាក្សា​អំពី​មធ្យោបាយ​ថ្មី​ដើម្បី​បំពេញបន្ថែម​នូវ​ក្របខ័ណ្ឌ​កិច្ច​សហ​​ប្រតិបត្តិការ​ដែលមាន​ស្រាប់ ជាមួយនឹង​គោលដៅ​ពង្រីក​ពាណិជ្ជកម្ម វិនិយោគ​ទ្វេភាគី និង​ការចូល​ទៅកាន់​ទីផ្សារ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថ្មីៗ ដែល​អាច​បង្កើន​សន្ទុះ​នៃ​ទំនាក់ទំនង និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​។​អូស្ដ្រាលី​ក៏បាន​បញ្ជាក់​ពី​ការគាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុង​ការកសាង​សមត្ថភាព​ធនធានមនុស្ស ដើម្បី​ជំរុញ​វិបុលភាព​សេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​វិស័យ​ថាមពល និង​អាកាសធាតុ​។​

ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ភាគី​អូស្ដ្រាលី​បានបញ្ជាក់​ឡើងវិញ​នូវ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ផ្ដល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ដល់​កម្ពុជា ដើម្បី​គាំទ្រ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ និង​សុខាភិបាល ដែល ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។​

ភាគី​កម្ពុជា​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ចំពោះ​ការផ្ដល់​ជំនួយ​ដ៏​មានតម្លៃ​ដល់​កម្ពុជា ជាពិសេស ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស និង​ប្រតិបត្តិការ ក៏ដូចជា​ការផ្តល់​វ៉ាក់សាំង និង​សម្ភារ​សុខាភិបាល​ផ្សេងៗ ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ ភាគី​ទាំងពីរ​ក៏បាន​ទទួលស្គាល់ថា អាហារូបករណ៍​រយៈពេល​វែង​ដែល​បាន​ផ្ដល់ជូន​និស្សិត​កម្ពុជា​បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា​។ អូស្ដ្រាលី​នឹង​ពិចារណា​ផ្ដល់​អាហារូបករណ៍​បន្ថែមទៀត​ក្នុង​វិស័យ​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ សន្ដិសុខ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​សេដ្ឋកិច្ច​ឌីជីថល ស្របតាម​តម្រូវការ​របស់​កម្ពុជា​។​

​ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​បន្ដ​លើកកម្ពស់​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន តាមរយៈ​ផែនការ​ញូ​វ​កូឡុំបូ​ថ្មី និង​កម្មវិធី​អ្នកស្ម័គ្រចិត្ត​អូស្ដ្រាលី ដែល​ពង្រឹង​ឱ្យមាន​ការយល់ដឹង​ពីគ្នា និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅវិញទៅមក​។ ដោយ​ទទួលស្គាល់ថា​កម្ពុជា​គឺជា​ទិសដៅ​ពេញនិយម​សម្រាប់​និស្សិត​អូស្ដ្រាលី​មក​ហាត់​ការ និង​ដោយ​ទទួលស្គាល់ថា​អូស្ដ្រាលី​គឺជា​ទិសដៅ​ពេញនិយម​សម្រាប់​និស្សិត​កម្ពុជា​ទៅ​បន្ដ​ការសិក្សា ភាគី​ទាំង​ពីរបាន​ឯកភាព​លើកទឹកចិត្ត​ឱ្យមាន​ទំនោរ​បែបនេះ​បន្ថែមទៀត​។​

​ក្រៅពី​ទំនាក់ទំនង​ទ្វេភាគី ភាគី​ទាំងពីរ​ក៏បាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្ដរជាតិ ដែលជា​ចំណាប់អារម្មណ៍ និង​ក្ដីកង្វល់​រួម រួមមាន បញ្ហា​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន បញ្ហា​នៅ​មី​យ៉ាន់​ម៉ា និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​

​ចំពោះ​ភាពជា​ដៃគូ​មេគង្គ​-​អូស្ដ្រាលី កម្ពុជា​ផ្ដល់​តម្លៃ​ចំពោះ​ទស្សនៈវិស័យ​ដ៏​វែងឆ្ងាយ​របស់​អូស្ដ្រាលី​ក្នុង​តំបន់​មេគង្គ តាមរយៈ​ការលើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស ភាព​ធន់​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ ភាព​ធន់​ផ្នែក​បរិស្ថាន និង​ការពង្រឹង​សមត្ថភាព​ប្រព័ន្ធ​អ៊ីនធឺណិត និង​បច្ចេកវិទ្យា​សំខាន់ៗ ដូច​មានចែង​ក្នុង​ភាពជា​ដៃគូ​មេគង្គ​-​អូស្ដ្រាលី​។​

ចំពោះ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​ភាគី​អូស្ដ្រាលី​បញ្ជាក់​ឡើងវិញ​នូវ​ការគាំទ្រ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​។ កម្ពុជា​ថ្លែងអំណរគុណ​ការគាំទ្រ​ឥត​ងាករេ​របស់​អូស្ដ្រាលី​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន ការផ្ដល់​ជំនួយ​ដល់​ការស្ដារ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឡើង​វី​ញ​ពី​វិបត្តិ​កូ​វីដ​-១៩ និង​ការប្ដេជ្ញា​ចំពោះ​ម​ជ្ឈ​ភាព​អាស៊ាន តាមរយៈ​ការចូលរួម​យ៉ាងសកម្ម​របស់​អូស្ត្រាលី​ក្នុង​យន្ដការ​នានា​ដឹកនាំ​ដោយ​អាស៊ាន​។ ភាគី​ទាំង​ពីរបាន​ស្វាគមន៍​ចំពោះ​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ កាលពី​ខែមករា ឆ្នាំនេះ និង​ត្រៀម​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​។ ភាគី​ទាំងពីរ​ទន្ទឹងរង់ចាំការបញ្ចប់​ការចរចា​ដំឡើង​កម្រិត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ដ្រាលី​-​នូ​វែ​ល​សេ​ឡង់ ក្នុងពេល​ឆាប់ៗ​នេះ​។​

​ប្រភព​ដដែល​បន្តថា កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ស្និទ្ធស្នាល ដោយមាន​ការពិភាក្សាគ្នា​ដោយស្មោះ​ត្រង់ និង​យោគយល់​គ្នា​ទៅវិញទៅមក ដែល​ឆ្លុះបញ្ចាំង​ពី​បំណងប្រាថ្នា​រួម ក្នុងការ​ពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អូស្ដ្រាលី ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។ ភាគី​កម្ពុជា និង​អូស្ដ្រាលី បាន​ឯកភាពគ្នា​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី លើក​ទី​៤ នៅ​ឆ្នាំ​២០២៣ នៅព្រះរាជាណាចក្រ​កម្ពុជា​៕
ដោយ​៖ ពល​ជ័យ
រូបភាព៖ ក្រសួងការបរទេសកម្ពុជា

ads banner