សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង បន្តបែងចែកដីឡូតិ៍លំនៅដ្ឋាន ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ឱ្យទទួលបានដី និងផ្ទះរស់នៅសមរម្យ ទៅតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា !

ខេត្តស្ទឹងត្រែង ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវគេមើលឃើញថា សម្តេចតែងបានគិតគូ និងយកចិត្តទុកដាក់ខ្ពស់ ដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលធ្លាប់បានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឲ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស មានការរីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ។

ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់ អតីតយុទ្ធជន សម្តេចតេជោ បានចងក្រង និងបង្កើតឡើងនូវសមាគមអតីតយុទ្ធជនកម្ពុជា និងបានដាក់ចេញនូវគោលនយោបាយរួមមួយ ដើម្បីស្រាវជ្រាវ និងការប្រមែរប្រមូលរក អតីតកងកម្លាំងប្រដាប់អាវុធ ដែលរស់នៅរាយប៉ាយ បែកខ្ញែកពីគ្នា មានជីវភាពក្រលំបាក ឲ្យទទួលបានការទំនុកបំរុង ទាំងថវិកា ស្បៀងអាហារ ផ្តល់ដី ផ្តល់ផ្ទះ និងដីសម្រាប់ប្រកបរបរកសិកម្ម រស់នៅបានសមរម្យដូចពលរដ្ឋឯទៀត សក្តិសមនឹងអតីតកងកម្លាំងប្រដាប់អាវុធកម្ពុជា។

ថ្មីៗនេះ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង ដែលជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ,មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធី ចាប់ឆ្នោតបែងចែកដីឡូតិ៍លំនៅដ្ឋាន ២៩គ្រួសារ ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងទាំង៣ រួមទាំងអាជ្ញាធរថ្នាក់មូលដ្ឋាន ដែលពិធីនេះបានធ្វើឡើងនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងថា ការបែងចែកដីឡូតិ៍លំនៅដ្ឋាន ជូនអតីតយុទ្ធជន និងគ្រួសារនៅក្នុងពេលនេះ បានធ្វើឡើងតាមរយៈការចាប់ឆ្នោត មានចំនួន ២៩គ្រួសារ ដើម្បីផ្តល់ភាពសុក្រឹត្យ ត្រឹមត្រូវ មិនលំអៀង ដែលអាចឲ្យពួកគាត់ទទួលយកបានដោយយុត្តិធម៌ គ្មានការស៊ីសំណូក ឬប្រកាន់បក្ខពួកនិយមអ្វីឡើយ។

ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងទៀតថា អតីតយុទ្ធជនទាំង ២៩គ្រួសារ ក្នុង ១គ្រួសារ ទទួលបានដីឡូតិ៍ ១ប្លង់ ក្នុងទំហំទទឹង ៣០ម៉ែត្រ និងបណ្តោយ ៤០ម៉ែត្រ ផ្ទះ ១ខ្នង និងដីកសិកម្ម ២ហិចតា ដែលការបែងចែកនេះ ដោយអនុវត្តទៅតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក៏ដូចសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងទេសរដ្ឋមន្ត្រី គន់ គីម ជាអគ្គលេខាធិការសមាគម។

ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានស្នើដល់សមាគមអតីតយុទ្ធជនថ្នាក់កណ្តាល ជួយកសាងផ្ទះ ២៩ខ្នង សម្រាប់ផ្តល់ជូនអតីតយុទ្ធជនទាំង ២៩គ្រួសារ និងបន្តរកដីកសិកម្មម្នាក់ៗ ២ហិចតា ក្រោយការបែងចែក ដោយបានសំណូមពរឲ្យមានការជួយដោះស្រាយដី ដែលមានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរ និងមន្ត្រីជំនាញមូលដ្ឋាន ជាមួយប្រជាពលរដ្ឋឲ្យបានឆាប់ ។

ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ កោតសរសើរដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនអតីតយុទ្ធជនទាំងអស់ បានយ៉ាងល្អប្រសើរ ដែលមានលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ជាប្រធាន។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ទៀតថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងពីរតែងបានគិតគូជាប្រចាំ ចំពោះបងប្អូនអតីតយុទ្ធជនរបស់យើង និងអ្វីដែលសំខាន់ថែមទៀតនោះ គឺសម្តេចបានខិតខំដឹកនាំ និងការអភិវឌ្ឍន៍ប្រទេស ប្រកបដោយភាពឈ្លាសវៃ ឲ្យកាន់តែមានភាពរីកចម្រើន ដូចបណ្តាប្រទេស នៅក្នុងតំបន់ ក៏ដូចនៅក្នុងពិភពលោកទាំងមូល ជាពិសេស គឺការស្វែងរកនូវសុខសន្តិភាពយ៉ាងពេញលេញ ព្រោះកត្តាសន្តិភាព បាននាំមកនូវការអភិវឌ្ឍន៍ រីកចម្រើនប្រទេស ប្រជាពលរដ្ឋរស់នៅដោយសុខុមរមនា មានជីវភាពសមរម្យ មានសិទ្ធិសេរីភាព និងការគោរពជំនឿ និងសាសនា បានគ្រប់បែបយ៉ាង។

ឯកឧត្តម ស្វាយ សំអ៊ាង បានអំពាវនាវដល់អតីតយុទ្ធជន និងគ្រួសារទាំងអស់ ដែលទទួលបានលំនៅដ្ឋាន និងដីធ្លីទាំងពេលនេះ និងនៅពេលកន្លងមក សូមចូលមករស់នៅ និងការរៀបចំឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា សម្រាប់កសាងជីវភាពរស់នៅឲ្យបានសមរម្យ។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៥កន្លងមក សមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង បានចែកផ្ទះ ជូនអតីតយុទ្ធជន និងគ្រួសារ បាន ៥០ខ្នងផ្ទះ ស្មើនឹង ៥០គ្រួសារ និងដីបាន ១១៥គ្រួសារ រួចមកហើយ ។ នៅពេលនេះ និងនៅពេលខាងមុខ សមាគមនៅតែបន្ត សហការការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ រកដីសង់លំនៅដ្ឋាន និងដីកសិកម្ម ដើម្បីផ្តល់ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ជាបន្តទៀតផងដែរ ៕ ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner