អត្តពលិកកាយសម្ព័ន្ធកម្ពុជាប្រកួតជាប់វគ្គជម្រុះឡើងវគ្គផ្តាច់ព្រ័ត្រ នៅកូរ៉េ

អត្ថបទដោយ៖
ហេង វណ្ណា

CAMSOC-ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខាធិការ និងជាប្រធានប្រតិភូកីឡាកាយសម្ព័ន្ធដែលដឹកនាំក្រុមកីឡាករ កីឡាការិនី បានថ្លែងប្រាប់ពីសាធារណរដ្ឋកូរ៉េមកថា កាលពីថ្ងៃទី២៤ ខែតុលាម្សិលមិញ កីឡាករ កីឡាការិនីកាយសម្ព័ន្ធកម្ពុជា បានឈ្នះការប្រកួតវគ្គជម្រុះ ហើយបានឡើងជុំផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី KOREA OPEN 2019។

លោកបញ្ជាក់ថា ក្រុមអត្តពលិកកីឡាកាយសម្ព័ន្ធចំនួន១០នាក់ ដែលចូលរួមក្នុងកម្មវិធីប្រកួត KOREA OPEN 2019 បានឆ្លងកាត់វគ្គជម្រុះ ហើយជាលទ្ធផល គឺបានឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែតុលានេះ រួមមាន៖ Age Group 1 (អាយុ១២ ដល់១៤ឆ្នាំ) ឯកត្តជនបុរស កីឡាករ ត្រន ប៊ុនធឿន។ TRIO កីឡាករ ត្រន ប៊ុនធឿន, កីឡាការិនី ស៊ីវ ចន្ថា, កីឡាការិនី ណេម សុខហេង។ Age Group 2 (អាយុ១៥ដល់១៧ឆ្នាំ) ឯកត្តជននារី កីឡាការិនី ឱម អ៊ីនធីតា Mixed pair កីឡាការិនី ម៉ូ ស្រីពៅ, កីឡាករ ហាស់ សុខហ៊។ Trio កីឡាការិនី មុំ ស្រីពៅ, កីឡាការិនី ឱម អ៊ីនធីតា, កីឡាករ ហាស់ សុខហ៊
Senior (អាយុ១៨ឆ្នាំឡើង)។ Trio កីឡាករ សៅ សុផេង, កីឡាករ ជឿន ចាន់បូរី, កីឡាករ ង៉ែត តុលា។

លោក ណយ ផាណា បន្ថែមថា សម្រាប់ការចូលរួមប្រកួតនេះមានបណ្តាប្រទេសជាច្រើន ដូចជា កម្ពុជា ម្ចាស់ផ្ទះកូរ៉េ ចិន ម៉ុងហ្គោលី ថៃ វៀតណាម ជាដើម។ លោកបានចាត់ទុកថា ការចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិបែបនេះ ពិតជាទទួលបានគុណភាពបច្ចេកទេស និងបទពិសោធន៍កាន់តែល្អប្រសើរ ជាពិសេសបានបន្ថែមសមិទ្ធផលកាន់តែខ្ពស់ សម្រាប់ថ្នាលកម្ពុជា ក្នុងការសម្រួចគោលដៅឈានឆ្ពោះទៅទទួលរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនៅព្រះរាជាណាចក្រកម្ពុជា។

លោកអគ្គលេខាធិការ និងជាគ្រូបង្វឹកជំនាញកីឡាកាយសម្ព័ន្ធរូបនេះ បានសំណូមពរឲ្យមានការជួយជ្រោមជ្រែងបន្ថែមទៀត ក្នុងការបញ្ជូនពួកគាត់ទៅចូលរួមលក្ខណ:អន្តរជាតិបែបនេះ ឲ្យបាន២ទៅ៣ដង ក្នុង១ឆ្នាំៗ ចាប់ពីឆ្នាំ២០២០តទៅ។

ការចេញទៅប្រកួតនៅកូរ៉េលើកនេះ ទទួលបានការឧបត្ថម្ភពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (Sea Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងទទួលបានការជួយឧបត្ថម្ភជ្រោមជ្រែងលើកទឹកចិត្តពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងអនុប្រធានសហព័ន្ធ លោកឧកញ៉ា សុខ ហុង។ សូមបញ្ជាក់ជូនថា ការចូលរួមប្រកួតកម្មវិធី Korea Open នេះ ក្រៅពីបង្កើនគុណភាពថ្នាល ក៏ជាការត្រៀមស៊ីហ្គេម (Pre-Sea Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងដំណើរការពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះផងដែរ៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner