ឯកឧត្តម សំហេង បុរស : ការផ្តល់អ្នកជំនាញ កម្រិតពិភពលោក ពី NOCC នឹងជួយជម្រុញសមត្ថភាព និងសិទ្ធផលយ៉ាងលឿនដល់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត
ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានយល់ព្រមតាមសំណើរបស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ក្នុងការស្នើគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ដើម្បីបញ្ជូនអ្នកជំនាញកម្រិតពិភពលោក១រូប មកជួយដល់ការរៀបចំផែនការយុទ្ធសាស្ដ្រដឹកនាំ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗរបស់សហព័ន្ធ ។ ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបញ្ជាក់ថា អ្នកជំនាញអន្ដរជាតិ ដែលសហព័ន្ធទទួលបានជំនួយតាមរយៈ NOCC នឹងជួយជម្រុញសមត្ថភាព និងសិទ្ធផលយ៉ាងលឿនដល់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ។
នេះជាកាបញ្ជាក់ជូនរបស់ឯកឧត្តម សំហេង បុរស ក្រោយបញ្ចប់ជំនួបពិភាគ្សា ជាមួយលោក Oliver Scheer ទីប្រឹក្សាសហព័ន្ធកីឡាអត្តពលកម្មពិភពលោក នៅទីស្តីការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា កាលពីចុងសប្តាហ៍កន្លងទៅ ។
ឯកឧត្តម សំហេង បុរស បានលើកឡើងថា ការទទួលបានអ្នកជំនាញអន្ដរជាតិរូបនេះ គឺជាផលល្អសម្រាប់សហព័ន្ធ ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រ និងអនុវត្តកាន់តែមានប្រសិទ្ធភាព ពិសេសលើការងារបណ្ដុះបណ្ដាលធនធានគ្រូបង្វឹក ក៏ដូចជាកីឡាករ-កីឡាការិនី ដែលជាបញ្ហាប្រឈមរបស់សហព័ន្ធកន្លងមក ។
ឯកឧត្តម ថា «ជាលក្ខខណ្ឌបញ្ហា គឺមានច្រើន ប៉ុន្ដែខ្ញុំមានក្ដីសង្ឃឹមខ្ពស់ ដោយសារឥឡូវនេះ យើងមានអ្នកជំនាញពិភពលោកមកជួយ គឺលោក Oliver scheer ដែលមានពិសោធន៍ធ្វើការច្រើនជាង ២៤ប្រទេស ហើយគាត់កាន់ការងារផ្ទាល់ នៅសហព័ន្ធកីឡាអត្តពលកម្មពិភពលោក ។ ដូច្នេះយើងអាចទាញបាននូវធនធានផ្សេងៗជាច្រើនពីសហព័ន្ធកីឡាអត្តពលកម្មពិភពលោក ដើម្បីកសាង និងអភិវឌ្ឍន៍សហព័ន្ធរបស់យើង»។
ជាការឆ្លើយតបលោក Oliver Scheer បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ទោះបីមានបញ្ហាប្រឈមច្រើនយ៉ាងណា ក៏សហព័ន្ធនៅតែព្យាយាម និងស្វែងរកអ្នកជំនាញ ដើម្បីមកជួយណែនាំ និងរៀបចំយុទ្ធសាស្ដ្រដឹកនាំ ក៏ដូចជាអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ។ បុរសជនជាតិអាល្លឺម៉ង់រូបនេះ បញ្ជាក់ថា ខ្ញុំបានមើលឃើញសក្ដានុពលជាច្រើនរបស់សហព័ន្ធ សម្រាប់ការអភិវឌ្ឍផងដែរ ប្រសិនបើយើងមានការរៀបចំដោយមានយុទ្ធសាស្ដ្រត្រឹមត្រូវតាមគម្រោង ដែលខ្ញុំនឹងមកជួយរៀបចំនៅប្រទេសកម្ពុជានាពេលនេះ»។
គួរបញ្ជាក់ថា អ្នកជំនាញពិភពលោក មកជួយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត មានរយៈពេល១ឆ្នាំ ក្រោមគម្រោងថវិការបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ តាមរយៈ NOCC ។ ទន្ទឹមជាមួយគ្នា លោក Oliver Scheer មានគម្រោងរៀបចំសិក្ខាសាលា ក៏ដូចជាបោះជំរំហ្វឹកហាត់ជាលក្ខណៈអន្ដរជាតិមួយ ដើម្បីបំប៉នបន្ថែមដល់គ្រូបង្វឹក ក៏ដូចជាកីឡាករ-កីឡាការិនី សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕ ចាន់ វិចិត្រ




