តំណាង ស ស យ ក រាជធានីភ្នំពេញ ចាត់ទុកព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែរ រ៉ាលី រ៉េដ ជាការរួមចំណែកផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍
ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE បានប្រកាសរៀបចំការប្រណាំងជាផ្លូវការរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២២ លើខេត្ត កំពត ។ លោក ពៅ តិចឡេង នាយកប្រតិបត្តិភ្នាក់ងាររៀបចំការប្រណាំងយានយន្តកម្ពុជា ហៅកាត់ថា KARA បានបញ្ជាក់ឲ្យដឹងថា ថ្ងៃទី១ចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត មានរយៈចម្ងាយផ្លូវ ១៧៣គីឡូម៉ែត្រ ហើយផ្លូវប្រណាំងមានចម្ងាយផ្លូវ៦៩គីឡូម៉ែត្រ ថ្ងៃទី២ ចេញដំណើរពីក្រុងកំពត មកបញ្ចប់ នៅ ស ស យ ក រាជធានីភ្នំពេញ មានរយៈចម្ងាយផ្លូវ១៤០គីឡូម៉ែត្រ ចម្ងាយផ្លូវប្រណាំងមាន៤៣.៩គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុកចំនួន៣រួមមាន ស្រុក ជុំគិរី ស្រុកទឹកឈូ និង ស្រុកដងទង់ ដោយរថយន្ តនិងម៉ូតូប្រណាំងលើផ្លូវឧបសគ្គមានផ្លូវភ្នំ ភក់ ខ្សាច់ ផ្លូវចំការ និង កាត់ភូមិអ្នកស្រុក។ អ្នករៀបចំការប្រណាំងខាងលើ បានគូបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រណាំងនេះ មានរង្វាន់លើកទឹកចិត្តតិចតួចប៉ុណ្ណេះ ព្រោះរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់យុវជនបានហ្វឹកហាត់ និងរៀនសូត្រពីការរៀបចំកម្មវិធីប្រណាំងយានយន្ត។
លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន ស ស យ ក រាជធានីភ្នំពេញ បានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះ វាក៏ជាសកម្មភាពកីឡាមួយ ដែលរួមចំណែកបណ្តុះស្មារតីដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជា ឲ្យចូលរួមស្រលាញ់ និងគាំទ្រកីឡាស្របតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋម្នាក់ត្រូវចេះកីឡាមួយមុខ។ ទន្ទឹមជាមួយគ្នានេះដែរ ការប្រណាំងនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សេងៗ នៅតាមតំបន់ស្រុកស្រែចំការ ដែលសម្បូរបែបដោយទេសភាពស្អាតផ្សព្វផ្សាយមកកាន់មជ្ឈដ្ឋានខាងក្រៅ ដើម្បីទាក់ទាញភ្ញៀវជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យមកលេងកំសាន្ត នៅតំបន់ទាំងនោះ។
លោក ខៃ វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាយានយន្តកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះភ្នាក់ងារ kara កម្ពុជា ដែលបានបង្កើតការប្រណាំង ដើម្បីចូលរួមបំផុសឲ្យធ្វើវិស័យកីឡាប្រណាំងយានយន្តនៅកម្ពុជាកាន់តែផុសផុល និងអភិវឌ្ឍរីកចំរើន។ ជាមួយគ្នានោះដែរ តំណាងសហព័ន្ធកីឡាយានយន្ត សំណូមពរឲ្យភ្នាក់ងារ kara ត្រូវពន្យល់ដល់កីឡាករគិតគូលើសុវត្ថិភាពជាចម្បង ព្រោះការប្រណាំងមានឆ្លងកាត់តាមភូមិស្រុកមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែរ រ៉ាលី រ៉េដ ឬ KHMER RALLY RAID PRACTICE រៀបចំដោយភ្នាក់ងាររៀបចំការប្រកួតកម្ពុជា kara សហការដោយក្រសួងបរិស្ថាន សហពភាពសហព័ន្ធយុវជនកម្ពុជា គាំទ្រដោយសហព័ន្ធកីឡាយានយន្តកម្ពុជា។ មានប្រទេសចូលរួមចំនួន១១ប្រទេស មាន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ចិន អាល្លីម៉ង់ អាមេរិក វៀតណាម បារាំង អូស្រ្តាលី វែល និងកម្ពុជា ក្នុងនោះមាន ឡាន ៣៥ ចែកជា២ គឺ class A ៧គ្រឿង Class B ២៨គ្រឿង UTV មាន១០គ្រឿង និងម៉ូតូ១៤គ្រឿង និងទទួលបានគាំទ្រដោយ: #ក្រសួងបរិស្ថាន #សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ #សហព័ន្ធកីឡាយានយន្ដកម្ពុជា
ឧបត្ថម្ភធំដោយ: Hanuman Beer Top 1 oil ( Cambodia ) សហការឧបត្ថម្ភដោយ: Cambodia Extreme PowerSports DUMEX 4WD Cambodia HotBits Cambodia Ironman 4×4 Cambodia MCC 4×4 Accessories Missile Energy Drink Cambodia Polaris Cambodia SKH Premium Water VKH Motorsports៕ អត្ថបទៈ ជាវ ចន្ធូ






