IMF កោតសរសើរពីការរីកចម្រើននៃវិស័យធនាគារកម្ពុជា ភាពរឹងមាំ និងតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ-១៩
ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកោតសរសើរពីការរីកចម្រើននៃវិស័យធនាគារកម្ពុជា ភាពរឹងមាំ និងតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ។ នេះជាការបញ្ជាក់របស់លោក Vassilli Prokopenko សេដ្ឋវិទូជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ទទួលបន្ទុកជំនួយបច្ចេកទេសសម្រាប់កម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម សុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសដែលលោកបានមកបំពេញបេសកកម្មនៅកម្ពុជា ក្នុងគោលបំណងណែនាំជំនាញការថ្មីរបស់ IMF អមធនាគារជាតិនៃកម្ពុជា និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាង មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ជំនួយបច្ចេកទេស ដើម្បីបន្តគាំទ្រការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា។
សូមជម្រាប លោក Jérôme SCHMIDT បច្ចុប្បន្ន ជាជំនាញការត្រួតពិនិត្យនៃធនាគារកណ្តាលបារាំង នឹងមកបំពេញបេសកកម្មជាទីប្រឹក្សារបស់ IMF អមធនាគារជាតិនៃកម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០២២ បន្តពីលោក Didier DEBALS បច្ចុប្បន្នបំពេញបេសកកម្មជាទីប្រឹក្សារបស់ IMF អមធនាគារជាតិនៃកម្ពុជា ដែលនឹងបញ្ចប់បេសកកម្ម និងត្រឡប់ទៅបំពេញមុខងារ ជាជំនាញការត្រួតពិនិត្យនៃធនាគារកណ្តាលបារាំងវិញ ។
នៅក្នុងជំនួបនេះ ឯកឧត្តម ទេសាភិបាលរង បានថ្លែងអំណរគុណដល់ IMF ដែលតែងតែបានជួយគាំទ្រនិងផ្តល់ជំនួយបច្ចេកទេសទាំងរយៈពេលខ្លី និងវែង ដល់ធនាគារជាតិនៃកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ មក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យធនាគារកម្ពុជាឱ្យមានការរីកចម្រើននិងរឹងមាំនាពេលបច្ចុប្បន្ន។ ឯកឧត្តម ទេសាភិបាលរង ក៏បានថ្លែងអំណរគុណដល់ធនាគារកណ្តាលបារាំង ដែលបានផ្តល់ជំនាញការប្រកបដោយសមត្ថភាពខ្ពស់ និងការគាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ចំពោះវត្តមានជំនាញការអមធនាគារជាតិនៃកម្ពុជា។
តាងនាមមូលនិធិរូបិយវត្ថុអន្តរជាតិ លោក Vassilli Prokopenko បានសម្តែងការគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ជាពិសេសបានថ្លែងការកោតសរសើរពីការរីកចម្រើននៃវិស័យធនាគារកម្ពុជា ភាពរឹងមាំនិងតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងទស្សនវិស័យវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា។
លោកសេដ្ឋវិទូជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជឿជាក់ថា លោក Jérôme SCHMIDT ដែលជាជំនាញការថ្មីរបស់ IMF អមធនាគារជាតិនៃកម្ពុជា នឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ៕ ដោយ វ៉េង លីមហួត









