ក្រសួងទេសចរណ៍ជំរុញឲ្យមន្ទីទេសចរណ៍រាជធានី-ខេត្ត អនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់!

(រតនគិរី)៖ ថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងលោកជំទាវ ញាន ទិត្យចន្តា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “លទ្ធផលការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ រាជធានី-ខេត្ត” ដោយមានការចូលរួមពី លោកអគ្គនាយករង ប្រធាននាយកដ្ឋានពាក់ព័ន្ធនៃក្រសួងទេសចរណ៍ លោក-លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត អង្គការដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជនសរុបចំនួន ១៥០រូប។

សិក្ខាសាលាខាងលើជាវេទិការចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ថ្នាក់ក្រោមជាតិរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដោយបានរំលេចពីវិធីសាស្ត្រនៃការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ការដាក់ចុះនូវចក្ខុវិស័យ គោលបំណងនិងគោលដៅ និងសូចនាករអនុវត្តសកម្មភាព ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ ការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ និងលើកកម្ពស់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ ក្រោមកិច្ចសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍នានា។

សិក្ខាសាលាបានបែងចែកជាពីរផ្នែករួមមាន៖ (១) បទពិសោធន៍នៃការរៀបចំអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម២០២១-២០២៥ ធ្វើបទបង្ហាញដោយប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ស្ទឹងត្រែង កំពត និងបន្ទាយមានជ័យ ដោយចែករំលែកបទពិសោធន៍ពីនីតិវិធី និងដំណើរការនៃការរៀបចំនិងអនុម័តផែនការអភិវឌ្ឍន៍ទេសចរណ៍ និង(២) យន្តការគាំទ្រការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ធ្វើបទបង្ហាញដោយឯកឧត្តមប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ ប្រធាននាយកដ្ឋាននីតិកម្ម ក្រុមការងារបណ្តាញសង្គមក្រសួងទេសចរណ៍ និងបទបង្ហាញពីគោលការណែនាំស្តីពីការកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមន្ត្រីជំនាញនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍។

លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានរំលេចពីភាពចាំបាច់ក្នុងការ កសាងផែនការអភិវឌ្ឍន៍ទេសចរណ៍ ដែលមានចែងក្នុងច្បាប់ស្តីពីទេសចរណ៍ ហើយការកសាងនេះនឹងក្លាយជាកូនសោ ដ៏សំខាន់ក្នុងការបើកផ្លូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយបង្កើតជាចក្ខុវិស័យច្បាស់លាស់ ភ្ជាប់ជាមួយផែនការ សកម្មភាពអនុវត្ត និងផែនការវិនិយោគទៅតាមសក្តានុពលតំបន់ និងខេត្តនីមួយៗ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានរាយកាណ៍ពីលទ្ធផលនៃការគាំទ្ររបស់ក្រសួងទេសចរណ៍ ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដោយក្នុងនោះរាជធានី-ខេត្តចំនួន ២២ បានបញ្ចប់ផែនការអភិវឌ្ឍន៍ទេសចរណ៍ ៥ឆ្នាំរបស់ខ្លួន និងខេត្តចំនួន ៣ (សៀមរាប មណ្ឌលគិរី និងកែប) កំពុងអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍វិស័យទេសចរណ៍ ឆ្នាំ២០២១-២០៣៥។ លោកបានបញ្ចាក់ថាដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍តាមបណ្តារាជធានី-ខេត្ត នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ គ្រោងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីមន្ទីរទេសចរណ៍នូវបច្ចេកទេសកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍ និងយន្តការវាយតម្លៃសមិទ្ធកម្មពាក់កណ្តាលអណាត្តិ និងការវាយតម្លៃចុងក្រោយ។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner