អគ្គលេខាធិការកីឡាប៊ូល និងប៉េតង់ អះអាងថា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៩ ជាការផ្តល់ឱកាសផង និងស្វែងរកកីឡាករ កីឡាការិនីថ្នាលឆ្នើមៗ សម្រាប់ការប្រមូលផ្តុំ

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៩ ជាការផ្តល់ឱកាសផង និងស្វែងរកកីឡាករ កីឡាការិនីថ្នាលឆ្នើមៗ ប្រកបដោយសក្តានុពល និងឆន្ទៈ សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ សម្រួចសមត្ថភាព ឲ្យឈានជាអត្តពលិកកម្រិតខ្ពស់ ត្រៀមព្រឹត្តការណ៍ប្រកួតកម្រិតជាតិ និងអន្តរជាតិ ជាពិសេស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅ កម្ពុជា  នេះជាការអះអាងរបស់ អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឯកឧត្តម សុខ ស្បាយណា នៅក្នុងពិធីបើកការប្រកួតកីឡា កាលពីម្សិលមិញ នៅទីលានកីឡាប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិ ។

ឯកឧត្តម អគ្គលេខាធិការ បន្ថែមថា ព្រឹត្តិការណ៍ប្រកួតនេះ ជាឪកាសប្រកួតប្រជែងពង្រឹងសមត្ថភាព និងបច្ចេកទេសមួយដ៏ល្អ សម្រាប់អត្តពលិកត្រៀមស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាអំឡុងខែវិច្ឆិកា ដើម្បីដណ្តើមមេដាយជូនកម្ពុជា  ។ ដោយឡែក ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉ែតង់កម្ពុជា បានលើកឡើងថា ស្នាដៃ នៃថ្នាក់ដឹកនាំ២រូប ដែលជាអតីតថ្នាក់ដឹកនាំសហព័ន្ធ គឺសម្តេចវិបុល សុខ អាន ប្រធានសហព័ន្ធ និងសម្តេចក្រឡាហោម ស ខេង ប្រធានកិត្តិយស បានបន្សល់ទុកនៅស្នាដៃ និងសមិទ្ធផលជាច្រើន ដើម្បីបង្ហាញយុវជនជំនាន់ក្រោយ មានមេដាយថ្នាក់តំបន់ និងពិភពលោក ពិសេសថ្មីៗនេះ កីឡាការិនីប៉េតង់កម្ពុជាដណ្តើមបាន ចំណាត់លេខ១ ពីប្រទេសបារាំងផងដែរ ។

ដើម្បីឲ្យសមិទ្ធផលស្នាដៃខិតខំរបស់អតីតថ្នាក់ដឹកនាំ កាន់តែទទួលបានផលផ្លែផ្កា និងអភិវឌ្ឍន៍រីកចំរើនកាន់តែខ្លាំងបន្ថែមទៀតនោះ ឯកឧត្តម ប្រធាន ប្តេជ្ញាជំរុញធ្វើយ៉ាងណាសម្រេចបាននៅសមិទ្ធផលជោគជ័យបន្ថែមទៀត ជាពិសេស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។ ឯកឧត្តម ស សុខា បានអំពាវនាវដល់គ្រូបង្វឹក កីឡាករការិនី អាជ្ញាកណ្តាល សូមធ្វើយ៉ាងណាឲ្យមានភាពសុក្រិត្តយុត្តិធម៌ តាមបទបញ្ជាបច្ចេកទេស នៃស្មារតីសាមគ្គី និងយោគយល់អធ្យាស្រាយគ្នា ក្នុងនាមគ្រួសារកីឡាប៊ូល និងប៉េតង់។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើទី១៩ ឆ្នាំនេះ ដំណើរការប្រកួតពីថ្ងៃ ទី២១ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ មានក្រុមចូលរួមសរុប៤២ក្រុម ក្នុងនោះប្រតិភូកីឡាករ ការិនីចូលរួមចំនួន៣៥៥នាក់កើនឡើងជាងឆ្នាំកន្លងទៅ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner