សមាជិកថ្មីជិត ៥០០នាក់ ស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌទួលគោក
ភ្នំពេញ៖ ឯកឧត្តម លី ណារុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាង ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងកក់២ ចំនួន ៤៧៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីលោក ជា ពិសី ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌទួលគោក និងសមាជិក សមាជិកាជាច្រើនរូបទៀត ។
នៅក្នុងឱកាសនេះ តំណាងសមាជិក ដែលទើបប្រកាសបញ្ចូលថ្មី បានលើកឡើងថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំតែមួយគត់ ដែលបានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាចេញពីរបបប៉ុលពត, គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំ គ្រប់លំដាប់ថ្នាក់ ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ក្នុងការបង្កើត និងថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ។
តំណាងសមាជិកបក្សថ្មី ក៏បានប្រកាសពីការប្តេជ្ញាចិត្តគោរព និងអនុវត្តតាមគោលនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស, ប្ដេជ្ញាបន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដែលជាចំណុចស្នូលនៃភាព ខ្លាំង និងជោគជ័យរបស់បក្ស, ប្ដេជ្ញាចូលរួមរាល់សកម្មភាពរបស់បក្ស ការពារសមិទ្ធិផល និងការពារ សន្តិភាព! ប្ដេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្តី នាពេលអនាគត ។
នៅក្នុងឱកាសនេះ ឯកឧត្តម លី ណារុន បានថ្លែងថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍបច្ចុប្បន្ននេះដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ជាពិសេស សម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស និងបានអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ សម្តេចថែមទាំងមាន ទស្សនៈវិស័យវែងឆ្ងាយ ក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ សង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចចាកផុតពីគ្រោះមហន្តរាយដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ។
ឯកឧត្តម លី ណារុន បានបន្តថា ជានិច្ចកាល គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិ និងប្រជាជន យើងត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា កុំជឿពាក្យញុះញង់ពីគណបក្សផ្សេង ដោយរក្សាឱ្យបាននូវសាមគ្គីភាព ក្នុងនាមជាមហាគ្រួសារគណបក្សកម្ពុជា ។
ឯកឧត្តម ក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ៕ ដោយ វណ្ណលុក











