អ្នកជំនាញអង្គការ jica ប្រទេសជប៉ុនបានសំដែងនូវការពេញចិត្តចំពោះលទ្ធផលនៃការចិញ្ចឹមត្រីនៅកម្ពុជាកាន់តែមានការរីកចម្រើន

អត្ថបទដោយ៖
Kien Sereyvuth

  ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីគំរោងការធ្វើឱ្យប្រសើរឡើង នៅបច្ចេកទេសផលិតកម្ម កូនត្រីពូជនៅកម្ពុជា ដែលពិធីនេះបានប្រារព្ធធ្វើនៅស្ថានទូតជប៉ុននាព្រឹកថ្ងៃទី 21 ខែតុលាឆ្នាំ 2019 ។  លោកយ៉ាស៊ូស៊ី ហាម៉ាមិតស៊ុអ្នកជំនាញការនៃអង្គការ jica និងជាប្រធានទីប្រឹក្សាគម្រោងផលិតកម្មកូនត្រីពូជបានថ្លែងថា ដោយមានកិច្ចសហការល្អពីមន្ត្រីនាយកដ្ឋានជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងប្រជាពលរដ្ឋ បានធ្វើឱ្យការងារបណ្ដុះបណ្ដាល បច្ចេកទេសផលិតកម្មកូនត្រីពូជ ទាំងត្រីទឹកសាបនិងត្រីសមុទ្រនៅកម្ពុជា កាន់តែមានការរីកចម្រើន ហើយវិស័យវារីវប្បកម្មនេះ មិនត្រឹមតែជួយឱ្យប្រជាពលរដ្ឋ ជាអ្នកផលិតពូជនិងចិញ្ចឹមត្រី កាន់តែមានជីវភាពធូរធារប៉ុណ្ណោះទេ តែវិស័យនេះបានរួមចំណែក កាត់បន្ថយការនាំចូល ត្រីគ្រប់ប្រភេទពីប្រទេសជិតខាង មួយចំនួនធំផងដែរ។
លោកយ៉ាស៊ូស៊ី ហាម៉ាមិតស៊ុ បានឲ្យដឹងថារយៈពេល 9 ឆ្នាំមកនេះ គម្រោងបង្កើនផលិតភាពនិងផ្សព្វផ្សាយ វារីវប្បកម្មរបស់អង្គការjicaនៅកម្ពុជា បានបង្កើតមជ្ឈមណ្ឌលនិងធ្វើការបណ្ដុះបណ្ដាលពលរដ្ឋកម្ពុជានៅលើវិស័យវារីវប្បកម្មទឹកសាបនៅក្នុងខេត្តចំនួន 4 គឺខេត្តតាកែវ កំពង់ស្ពឺ ព្រៃវែងនិងខេត្តកំពតចំណែកឯការចិញ្ចឹមត្រីសមុទ្រវិញ គឺមាននៅក្នុងខេត្តព្រះសីហនុ កំពតកោះកុងនិងខេត្តកែប ដោយមានប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមចំនួនជាង 13000 គ្រួសារ។ដែលបច្ចុប្បន្ននេះប្រជាពលរដ្ឋទាំងនោះមានសមត្ថភាពចិញ្ចឹមត្រីទឹកសាបក្នុងមួយឆ្នាំបានប្រមាណប្រាំរយពាន់តោននិងត្រីសមុទ្រមួយរយពាន់តោនហើយចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅការត្រីសម្រាប់ធ្វើជាអាហារ ក្នុងមួយនាក់ ពី52 ទៅ 60 គីឡូក្រាម ក្នុងមួយឆ្នាំៗ ដូច្នេះផលិតផលដែលទទួលបាន ពីវិស័យវារីវប្បកម្មនេះមិនទាន់ឆ្លើយតបបាន គ្រប់គ្រាន់ទៅនិងតំរូវការត្រី របស់ប្រជាជនកម្ពុជានៅឡើយទេ ហេតុនេះអង្គការ jica នៅតែបន្តជួយលើគម្រោង ធ្វើឲ្យប្រសើរឡើងនូវបច្ចេកទេសផលិតកូនត្រីនៅកម្ពុជា ទៅកាន់បណ្ដាខេត្តគោលដៅនានា ដូចជាខេត្តពោធិ៍សាត់ បាត់ដំបងនិងខេត្តសៀមរាបជាបន្តទៀត។
  លោកម៉ម សុខដារ៉ាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រនិងលោកចិន ដា អនុប្រធាននាយកដ្ឋានអភិវឌ្ឍវប្បកម្មរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ថវិកាក្នុងការជួយបណ្ដុះបណ្ដាលវិស័យវារីវប្បកម្មដល់ពលរដ្ឋកម្ពុជាតាមរយៈអង្គការ jica ដែលការងារនេះសម្រេចបាននៅផលិតផលគួរជាទីមោទនៈ។លោកបានបន្តថាបច្ចុប្បន្ននេះប្រជាពលរដ្ឋយើងមួយចំនួនធំ មិនត្រឹមតែទទួលបានទាំងចំណេះដឹង ខាងផ្នែកបច្ចេកទេសផលិតកូនត្រីពូជ នឹងការងារចិញ្ចឹមត្រីតាមបែបធម្មជាតិប៉ុណ្ណោះទេហើយពួកគេក៍ក្លាយទៅជាគ្រូ ដែលមានបទពិសោធន៍ ក្នុងការផលិតត្រីពូជនិងការចិញ្ចឹមត្រីតាមបែបធម្មជាតិនេះ ទៅ ដល់បងប្អូនប្រជាពលរដ្ឋជាច្រើនទៀត ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពនិងបច្ចេកទេសវារីវប្បកម្មគឺការចិញ្ចឹមត្រីរបស់បងប្អូនឱ្យមានភាពកាន់តែប្រសើរឡើងថែមទៀតផងដែរ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner