ឯកឧត្ដម ណុប រត្ថ័និមល៖ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាព មានសង្គ្រាម យើងមិនមានសេចក្ដីសុខ និងគ្មានលទ្ធភាពអភិវឌ្ឍន៍សង្គមជាតិបានឡើយ
«ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាព មានសង្គ្រាម យើងមិនមានសេចក្ដីសុខ និងគ្មានលទ្ធភាពអភិវឌ្ឍន៍សង្គមជាតិបានឡើយ»។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម ណុប រត្ថ័និមល តំណាងឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២០តុលាម្សិលមិញ។
ឯកឧត្ដម បានបន្តថា តាមការសិក្សាប្រវត្តិសាស្រ្តទឹកដីកម្ពុជាយើងមានទំហំធំណាស់ ជាអាណាចក្រខ្មែរមហានគរ មានព្រំប្រទល់ខាងជើងជាប់នឹងចិន ខាងត្បូងជាប់ម៉ាឡេស៊ី និងឈូងសមុទ្រឥណ្ឌាខាងកើតជាប់នឹងចម្ប៉ា ខាងលិចជាប់នឹងភូមា។ ដោយសារការដណ្ដើមអំណាច ការបែកបាក់សាមគ្គីគ្នារវាងខ្មែរ និងខ្មែរ បានធ្វើឱ្យប្រទេសជាតិធ្លាក់ទៅក្នុងសង្រ្គាមរាប់ទសស្សវត្ស និងធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត កាប់សម្លាប់ជាតិសាសន៍ខ្លួនឯង ហើយហេដ្ឋារចនាសម្ពន្ធ័សង្គមត្រូវបំផ្លាញទាំងស្រុង។ ដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកត្រើយសុខសន្តិភាពពិតប្រាកដ និងបានកសាងហេដ្ឋារចនាសម្ពន្ធ័សង្គមទាំងពីបានដៃទទេររហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះក្រោមម្លប់សន្តិភាពសម្ដេចតេជោហ៊ុនសែន។
ឯកឧត្ដម ណុប រត្ថ័និមល បានសំណូមពរដល់លោកយាយ លោកតា អាជ្ញាធរដែនដី ព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកស្លែងទាំងអស់ ជួយណែនាំកូនចៅកុំជឿកុំចាញ់បោកការឃោសនានិងកុំចូលរួមសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាមួយទណ្ឌិត សម រង្ស៊ី ឱ្យសោះជាទង្វើខុសច្បាប់ និងបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម អភិវឌ្ឍន៍ជាតិ និងបន្តគាំទ្របេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៦ និងនៅអាណត្តិជាបន្តបន្ទាប់ ដើម្បីដឹកនាំប្រទេសធ្វើការអភិវឌ្ឍឱ្យរីកចម្រើនបន្តទៅមុខទៀត។
នៅក្នុងឱកាសនៃរដូវបុណ្យកឋិនទានឆ្នាំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិ ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានដង្ហែទៅកាន់វត្តចំនួន៤ មាន៖ វត្តតុំ ខេត្តតាកែវ វត្តត្រពាំងវែង ខេត្តកំពង់ស្ពឺ វត្តបិតមាស និងក្រពើហារខេត្តកណ្ដាល ដើម្បីប្រមូលបច្ច័យបន្តកសាងសមិទ្ធផលនានាក្នុងវត្ត។ ដោយឡែកវត្តវិហាបិទមាស ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃនេះបានដង្ហែកឋិនវេរប្រគេនព្រះសង្ឃទទួលបានបច្ច័យសង្កត់ត្រ័យ ១០០លានរៀល។
ឯកឧត្ដម ណុប រត្ថ័និមល និងលោកជំទាវ តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិ ហ៊ីង ប៊ុនហៀង និងលោកជំទាវ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនបច្ច័យវត្តព្រះសង្ឃ គ្រូសូត្រព្រះសង្ឃក្នុងវត្ត ព្រមទាំងចែកជូនក្រណាត់ស និងថវិកា ដល់លោកតាលោកយាយ ក្រុមប្រឹក្សាឃុំ ក្រុមយុវជន ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀតផងដែរ៕ធ.ដ