មន្រ្តីជាន់ខ្ពស់ចិន៖ សមយុទ្ធដែនអាកាសរួមគ្នារវាងចិន-រុស្ស៊ី មិនបានសំដៅលើប្រទេសណាមួយឡើយ
ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិចិនបញ្ជាក់ថា ការហោះល្បាតជាយុទ្ធសាស្ត្ររួមគ្នាដោយកងកម្លាំងទ័ពអាកាសចិន និងរុស្ស៊ីមិនកំណត់គោលដៅលើភាគីទីបីណាមួយឡើយ ហើយក៏មិនមានជាប់ពាក់ព័ន្ធជាមួយស្ថានការណ៍អន្តរជាតិ និងតំបន់ក្នុងពេលបច្ចុប្បន្ននោះដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក វូ គាន (Wu Qian) បាននិយាយថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ កងកម្លាំងទ័ពអាកាសរបស់ចិន និងរុស្ស៊ីបានធ្វើសមយុទ្ធហោះល្បាតតាមដែនអាកាសជាយុទ្ធសាស្ត្ររួមគ្នាក្នុងឆ្នាំ២០២២។
លោកថា វាគឺជាការហោះល្បាតយុទ្ធសាស្ត្រទីបួន ដែលធ្វើឡើងរួមគ្នាដោយកងកម្លាំងអាកាសប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០១៩មក ដោយមានគោលបំណងសាកល្បង និងកែលម្អកម្រិតនៃការសម្របសម្រួលរវាងកងទ័ពអាកាសទាំងពីរ និងការលើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងយោធាទាំងពីរ។
ដោយឡែកនៅថ្ងៃពុធនេះ យោធាចិនបានបញ្ជាក់ថា ថ្មីៗនេះខ្លួនបានធ្វើលំហាត់យោធានៅក្បែរតៃវ៉ាន់ ដើម្បីជាការព្រមានប្រឆាំងការសមគំនិតរវាងដែនកោះនេះជាមួយសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបស់ទីបញ្ជាការភូមិភាគខាងកើតរបស់យោធាចិនបាននិយាយដូច្នេះថា នេះជាការព្រមានប្រឆាំងការសមគំនិតគ្នារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ វាគឺជាទង្វើលាក់ពុត និងឥតបានការ សម្រាប់អាមេរិក ដែលនិយាយផ្សេង ហើយធ្វើផ្សឹងពាក់ព័ន្ធបញ្ហាតៃវ៉ាន់៕ ប្រភព៖ ស៊ីនហួរ និង Reuters ប្រែសម្រួល៖ ទីណា និងបុត្រា



