សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមផែនការធ្វើតេស្តជ្រើសរើសកីឡាការិនី សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

សហព័ន្ធកីឡាបាល់ទះកម្ពុជា បាននឹងកំពុងត្រៀមផែនការក្នុងការធ្វើតេស្តជ្រើសរើសកីឡាការិនី សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់ដោយអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។

កីឡាបាល់ទះកម្ពុជា ទើបតែបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម លើវិញ្ញាសាបុរសក្នុងសាល (ដោយទទួលបានមេដាយសំរឹទ្ធ) និងបាល់ទះឆ្នេរខ្សាច់ (មិនទទួលបានមេដាយ) ប៉ុន្តែពុំមានក្រុមបាល់ទះនារីចូលរួមប្រកួតនោះទេ ខណៈការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣នេះ កម្ពុជាបានគ្រោងសម្រាប់វិញ្ញាសាបាល់ទះនារី ដើម្បីដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្ដង មួយនេះ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបាននិយាយដូច្នេះថា៖ «ពាក់ព័ន្ធជាមួយនឹងការជ្រើសរើសកីឡាការិនី ផែនការរបស់សហព័ន្ធយើង គឺនឹងរៀបចំការជ្រើសរើសកីឡាការិនី ដែលនៅក្នុងដៃយើងមានប្រមាណជា ៣០នាក់ហើយ អ៊ីចឹងយើងនឹងកោះហៅដើម្បីធ្វើតេស្ត ជាមួយនឹងគណៈកម្មការបច្ចេកទេសដើម្បីនឹងចូលជំរំហ្វឹកហាត់»។

«ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ វិញ្ញាសាបាល់ទះក្នុងសាលក្ដី ឆ្នេរខ្សាច់ក្ដី គឺទាមទារឱ្យមានវិញ្ញាសាបាល់ទះនារីដែរ នោះទើបយើងអាចមានសិទ្ធិដាក់វិញ្ញាសានេះ ទៅក្នុងការប្រកួតបាន។ ដូច្នេះហើយ សហព័ន្ធរបស់យើងមិនព្រងើយកន្តើយទេ ហើយយើងក៏ចង់រៀបចំឱ្យបានទាន់ពេលវេលា ដើម្បីយកឱកាសដាក់វិញ្ញាសាកីឡាបាល់ទះនេះ នៅក្នុងប្រទេសកម្ពុជា»។ អគ្គលេខាធិការដដែលរូបនេះ បានបន្ថែម។

ប្រភេទកីឡាបាល់ទះ សម្រាប់វិញ្ញាសានារី ត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតកាលពីឆ្នាំ១៩៧៧មក ប៉ុន្តែកម្ពុជា ពុំដែលមានក្រុមបាល់ទះនារីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះឡើយ។ សម្រាប់ឆ្នាំ២០២៣ វាគឺជាលើកដំបូង ដែលបាល់ទះនារីកម្ពុជា បង្ហាញខ្លួននៅស៊ីហ្គេម។

បាល់ទះនារីកម្ពុជា ធ្លាប់បានចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) កាលពីឆ្នាំ១៩៧០ ហើយនៅពេលនោះទទួលបានមេដាយសំរឹទ្ធ ដោយមានកីឡាការិនី ចាន់ លៀងឈីវ, ចាវ ចាន់, ឈូក វណ្ណា, អៀប សុដានេប, ផាវ យឿន, ថេន សែម, ទេព គីមហេង និង វ៉ូ អន ជាអ្នករួមចំណែក៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner