មន្ត្រីជំនាញជំរុញឲ្យសមត្ថកិច្ចបិទច្រករបៀងឲ្យមានប្រសិទ្ធភាព ខណៈការលួចនាំចូល សត្វមាន់ពីប្រទេសថៃខុសច្បាប់នៅតែមាន
បន្ទាយមានជ័យ៖ សមត្ថកិច្ច ពេទ្យសត្វ និងកម្លាំងនគរបាល បានឆ្មក់ស្ទាក់បង្ក្រាបបានរថយន្តដឹកមាន់សាច់នាំចូលពីប្រទេសថៃខុសច្បាប់បន្តបន្ទាប់ ខណៈជំនាញ និងអាជ្ញាធរជំរុញឲ្យមានវិធានការបិទច្រករបៀងឲ្យមានប្រសិទ្ធភាព។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ឲ្យដឹងថ្ងៃទី១៦ខែតុលានេះថា ក្រុមអន្តរាគមន៍ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត សហការជាមួយកម្លាំងអធិការនគរបាលស្រុកអូរជ្រៅ លើកទី១ កាលពីម៉ោង១០និង៤៨នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅ បានឆ្មក់ស្ទាក់ឃាត់ចាប់រថយន្ត១គ្រឿងម៉ាក នីសាន់ (Nissan) ពណ៌ទឹកប្រាក់ ចង្កូតស្តាំ ពាក់ស្លាកលេខ 2A-4893 ដែលផ្ទុកមាន់ពងជម្រុះ (មាន់ក្រហម) សរុបស្មើនឹង៦៤០ក្បាល (ឬ៨០តាកា x ៨ក្បាល/តាកា) បាននាំចូលតាមច្រករបៀងណងចាន់ ជិតផ្លូវជាតិលេខ៥៨ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

រថយន្ត និងមាន់នោះមានម្ចាស់ឈ្មោះ នី ថន ភេទប្រុស រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ។ លើកទី២ នៅម៉ោង៧យប់ថ្ងៃទី១៥ខែតុលា នៅចំណុចច្រករបៀងអូរបីជាន់ ជាប់ផ្លូវជាតិលេខ២៥៨ដេ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានឆ្មក់ស្ទាក់ចាប់រថយន្តហីយាន់ដាយកង់៦មួយគ្រឿងដឹកមាន់ជម្រុះពងចំនួន៨០០ក្បាល (ឬ៨០តាកា x ១០ក្បាល/តាកា ) មានម្ចាស់រថយន្ត អ្នកបើកបរ និងជាម្ចាស់ទំនិញឈ្មោះ វណាវ ហៅរ៉ា ភេទប្រុសអាយុ៣២ឆ្នាំ ទីលំនៅ និងរបរមិនពិតប្រាកដ។ ការឃាត់នេះគឺដោយសារការដឹកជញ្ជូនសត្វមាន់ដែលនាំចូលពីប្រទេសថៃដូចខាងលើនេះ មិនមានលិខិតអនុញ្ញាតដឹកជញ្ជូន ឬអត់ច្បាប់ឡើយ ហើយក៏ជាវិធានការដែលមន្ត្រីជំនាញបានអនុវត្តន៍តាមការទទួលខុសត្រូវតាមសមត្ថកិច្ចរបស់ខ្លួន។

បន្ទាប់មកមន្រ្តីជំនាញ បាននាំយករថយន្តល្មើសទាំង២គ្រឿង និងសត្វមាន់ខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីបង្ខាំងទុកនៅកន្លែងចត្តាឡីស័កនៃការិយាល័យស្ថិតនៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍នីតិវិធីច្បាប់ និងចាត់ការតាមវិធានពេទ្យសត្វជាបន្តទៀត។ ក្នុងនោះបានបូមឈាមបញ្ជូនទៅមន្ទីរពិសោធន៍ ធ្វើសំណាកវិភាគ តាមដានស្ថានភាពសុខភាពសត្វតាមវិធានពេទ្យសត្វ។

ជាមួយគ្នានេះ លោក ហ៊ុយ ទូច ក៏សូមអរគុណ គាំទ្រ និងសំណូមពរដល់ផ្នែកពាក់ព័ន្ធ កងកម្លាំងឈរជើង និងទទួលខុសត្រូវតាមបន្ទាត់ព្រំដែន សូមបង្កើត និងជំរុញវិធានការបិទច្រករបៀងនៃព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យទាំងអស់ ដូចដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រូក្រសួហមហាផ្ទៃ បានដាក់បទបញ្ជា ទើបវិធាននការទប់ស្កាត់បង្ក្រាបបទល្មើសទូទៅ ពិសេសការនាំចូលខុសច្បាប់នូវបក្សី និងផលិតផលពីបក្សីបែបនេះបានលទ្ធផលល្អ និងមានប្រសិទ្ធភាព។ ម្យ៉ាងទៀត បើគិតពីចំនួន និងលទ្ធភាពដែលមន្ត្រីជំនាញពេទ្យសត្វមាន គឺតិច ហើយប្រឈមបញ្ហាច្រើនដែរ។

ជាក់ស្តែងកន្លងមក នៅតាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ មានព័ត៌មានពីការលួចជ្រៀតនាំចូលខុសច្បាប់នូវបក្សី និងផលិតផលពីបក្សីពីប្រទេសថៃ ហើយកម្លាំងឈរជើងតាមព្រំដែនមិនសហការទប់ស្កាត់ និងបង្ក្រាប។ ពោលគឺឈ្មួញខ្លះបានបន្លំនឹងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ដែលទទួលការអនុញ្ញាតពីក្រសួង និងអគ្គនាយកដ្ឋានដែលឲ្យនាំចូលស្របច្បាប់ និងក្រុមហ៊ុនដែលបានអស់សុពលភាពអាជ្ញាប័ណ្ណ ហើយលួចនាំចូលដឹកជញ្ជូនសត្វ។

សូមបញ្ជាក់ថា តាមមាត្រា១១៣នៃច្បាប់សុខភាពសត្វ និងផលិតកម្មសត្វករណីបទល្មើសចរាចរណ៍ ដឹកជញ្ជូនបក្សី ផលិតផលបក្សីមិនមានការអនុញ្ញាត ឬអត់ច្បាប់ត្រូវផាកពិន័យជាប្រាក់ពី១០លានទៅ១៥លានរៀល។ ក្នុងករណីបង្ក្រាបខាងលើ មន្ត្រីជំនាញពេទ្យសត្វ បានយកសំណាកវិភាគឈាមទៅពិនិត្យហើយមិនមានផ្ទុកជំងឺឆ្លងនោះទេ៕ធ.ដ
ដោយៈឃិន គន្ធា