ឯកឧត្តម សួស ស៊ីណា អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឋិតក្នុងឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សួស ស៊ីណា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណៈពង្រឹងស្រុកណ្តាលស្ទឹង និងជសប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយឃុំរលាំងកែន បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា អនុប្រធានគណៈពង្រឹងស្រុកកណ្តាលស្ទឹង ប្រធានគណៈពង្រឹងឃុំរណែងកែន ព្រមទាំងសមាជិក សមាជិកា យុវជនប្រមាណ៥៤០នាក់មកពី១១ភូមិ ក្នុងឃុំរលាំងកែន ។
ក្នុងពិធីនេះ ឯកឧត្តម សួស ស៊ីណា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ។
ឯកឧត្តម សួស ស៊ីណា បានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់នៃសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការឯកភាពជាតិ ដូច្នេះត្រូវរួមសាមគ្គីគ្នាខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍សង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន
ឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅឃុំ សង្កាត់ ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ ឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីបន្តការថែរក្សាសន្តិភាព ការអភិវឌ្ឍមូលដ្ឋាន និងដើម្បីជីវភាពសុខសាន្តរបស់ប្រជាជនតទៅមុខទៀត។
សូមបញ្ជាក់ថា នៅឃុំរលាំងកែន ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានចំនួន២ គណបក្ស រួមមាន៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ។
បន្ថែមពីនេះ ឯកឧត្តម សួស ស៊ីណា បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិកគណបក្សប្រជាជនកម្ពុជាឃុំរលាំងកែនដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយយុទ្ធនាការក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។ សម្រាប់ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ៕ ដោយ-រ៉ាវុធ






