សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI)
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) ដឹកនាំដោយឯកឧត្តម Andres Pastrana នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ។
ក្នុងជំនួបនេះ ឯកឧត្តម Andres Pastrana និងក្រុមប្រតិភូសូមគោរពសំដែងនូវការរំលែកទុក្ខដ៏ក្រៀមក្រំចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបាត់បង់បងប្រុសជាទីស្រលាញ់ គឺសម្ដេចទេពញ្ញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះ ។
ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នៅកម្ពុជានាពេលនេះ។ ឯកឧត្តមបានបន្ថែមថា នេះជាលើកទី៣ ហើយ ដែលឯកឧត្តមបានមកសង្កេតការណ៍បោះឆ្នោតនៅប្រទេសកម្ពុជា ដែលលើកទី១ គឺនៅក្នុងឆ្នាំ ២០១៧ លើកទី២ ឆ្នាំ២០១៨ និងលើកទី៣ គឺនៅឆ្នាំ២០២២នេះ។
ឯកឧត្តមបានជូនពរអោយដំណើរការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃស្អែកនេះ បានដំណើរការដោយរលូន និងប្រកបដោយភាពជោគជ័យ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តម Andres Pastrana និងគណៈប្រតិភូទាំងអស់របស់ CDI ចំពោះការចូលរួមរំលែកទុក្ខដល់សម្ដេច ដែលបានបាត់បង់បងប្រុសរបស់សម្ដេចកាលពីពេលថ្មីៗនេះ។
សម្តេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានប្រតិភូ ដែលបានសម្ដែងនូវការអបអរសាទរចំពោះការចាត់វិធានការរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានយកជោគជ័យរបស់ប្រទេសកម្ពុជាស្របតាមយុទ្ធសាស្ត្រការរីកដែលសម្ដេចបានដាក់ចេញ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា តាមរយៈ វិធានធានការប្រយុទ្ធប្រឆាំងកូវីដ១៩បានជោគជ័យនេះហើយ ទើបធ្វើអោយកម្ពុជាអាចរៀបចំដំណើរការបោះឆ្នោត ឃុំ សង្កាត់ បាននាពេលនេះ។
សម្ដេចតេជោបានមានប្រសាសន៍ទៀតថា រហូតមកដល់ថ្ងៃនេះ រយៈពេលជាង ២០ថ្ងៃហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩ឆ្លងថ្មីនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម Andres Pastrana ដែលបានដឹកនាំ ប្រតិភូ CDI មកសង្កេតការណ៍បោះឆ្នោតនៅថ្ងៃស្អែកនេះ៕ ដោយ វណ្ណលុក







