អគ្គលេខាធិការ IWF គ្រោងមកពិនិត្យសហព័ន្ធលើកទម្ងន់កម្ពុជា សម្រាប់ដំណើរការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣
ភ្នំពេញ៖ លោក Hasan Jalood អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) គ្រោងនឹងរៀបចំក្រុមការងារពិសេស ចុះមកបំពេញទស្សនកិច្ចផ្ទាល់ នៅព្រះរាជាណាចក្រកម្ពុជា នាខែកក្កដា ឆ្នាំ២០២២ដើម្បីពិនិត្យលទ្ធភាពជួយដល់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា សម្រាប់ការគាំទ្រសម្ភារហ្វឹកហាត់ និងការរៀបចំការប្រកួតនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា គូសបញ្ជាក់ថា គម្រោងអញ្ជើញរបស់លោកអគ្គលេខាធិការសហព័ន្ធលើកទម្ងន់អន្តរជាតិ មកកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈសារអេឡិចត្រូនិកជាប់ជាប្រចាំ ជាពិសេសនៅក្នុងជំនួបផ្ទាល់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២។ លោក Hasan Jalood ប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយគាំទ្រទាំងលើការឧបត្ថម្ភសម្ភារហ្វឹកហាត់ ជួយពិនិត្យមើល និងរៀបចំលក្ខណៈបច្ចេកទេស ឲ្យស្របតាមស្តង់ដាអន្តរជាតិ ក្នុងពេលដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន។
ជាមួយគ្នានោះ សហព័ន្ធលើកទម្ងន់អាស៊ី (AWF) ក៏ដូចជាសហព័ន្ធលើកទម្ងន់អាស៊ីអាគ្នេយ៍ (SEAWF) ក៏បានផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ «ក្នុងពេលដំណាលគ្នានៃការត្រៀមខ្លួនស៊ីហ្គេម ២០២៣ របស់កម្ពុជានេះដែរ សហព័ន្ធលើកទម្ងន់កម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសចិន តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងបណ្តាប្រទេសជាមិត្ត ក្នុងអាស៊ីអាគ្នេយ៍ ជាពិសេសគឺប្រទេសថៃ បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការគាំទ្រដល់ដំណើរបណ្ដុះបណ្តាលធនធានមនុស្ស សម្រាប់រៀបចំការប្រកួត និងការហ្វឹកហាត់របស់ក្រុមជម្រើសជាតិលើកទម្ងន់កម្ពុជា នៅប្រទេសថៃទៀតផង»។ លោក សំ សុខយី បានគូសបញ្ជាក់បន្ថែម។
ទាក់ទងនឹងការចូលរួមប្រកួតរបស់ប្រភេទកីឡាលើកទម្ងន់កម្ពុជា ជាលើកដំបូង ក្នុងស៊ីហ្គេម លើកទី៣១នេះ លោក ផេង ប៉ាក អគ្គលេខាធិការរង ប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានប្រតិភូដឹកនាំចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ប្រទេសវៀតណាម បានលើកឡើងថា បើទោះបីជាកីឡាករ កីឡាការិនីលើកទម្ងន់កម្ពុជា មិនទទួលបានលទ្ធផលល្អ ក្នុងការប្រកួតក៏ដោយ ក៏ប្រភេទកីឡាលើកទម្ងន់កម្ពុជា នៅតែមានក្តីសង្ឃឹមថា នឹងអាចដណ្តើមកិត្តិយសជូនជាតិមាតុភូមិបាន ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ តាមរយៈការបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីត្រៀមលក្ខណៈទាំងបច្ចេកទេស និងការរៀបចំ ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
លោកអគ្គលេខាធិការរងរូបនេះរំឭកថា សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២២នេះ គឺកម្ពុជាមានកីឡាករ កីឡាការិនីចំនួន ៦នាក់ បានចូលប្រកួត ដើម្បីដកស្រង់បទពិសោធ ក្នុងការស្វែងយល់ពីការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានលទ្ធផលល្អប្រសើរជាងនេះ។ «យើងនឹងស្នើសុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនចំនួនកីឡាករ កីឡាការិនី ឲ្យបានច្រើនជាងនេះ ដើម្បីត្រៀមខ្លួនហ្វឹកហាត់បំប៉នបច្ចេកទេស នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០២២-២០២៣»។ លោក ផេង ប៉ាក បញ្ជាក់បន្ថែម៕ចាន់ វិចិត្រ




