រដ្ឋសភាប្រជុំពិគ្រោះយោបល់ជាមួយ បណ្តាអង្គទូតនានាស្តីពីដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា រសៀលថ្ងៃទី៨ មិថុនានេះ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គទូតនានាប្រចាំនៅកម្ពុជា ស្តីពី ដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាមានប្រសាសន៍ថា ការបោះឆ្នោតនេះត្រូវបានវាយតម្លៃជាទូទៅថាបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ហេីយក៏បានបង្ហាញផងដែរពីភាពចាស់ទុំនៃគណបក្សនយោបាយនិងភាពចាស់ទុំនៃអ្នកបោះឆ្នោតនៅកម្ពុជា។

ឯកឧត្តមថា ការបោះឆ្នោតនេះ ជាការបោះឆ្នោតដែលគ្មានការគំរាមកំហែង គ្មានអំពេីហិង្សា ផ្ទុយស្រឡះពីការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ដែលកាលនោះមានមនុស្សស្លាប់ប្រមាណ ៤៤០ ជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត តែក្រោយៗមកហិង្សាក្នុងការបោះឆ្នោតត្រូវបានកាត់បន្ថយយ៉ាងច្រេីនបំផុតតួយ៉ាងដូចជាការបោះឆ្នោតឆ្នាំ២០១៧ ២០១៨ និងជាពិសេសការបោះឆ្នោតឆ្នាំ២០២២នេះតែម្តង។

ឯកឧត្តមបានបន្តថា សម្រាប់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ក្រៅពីគណបក្សប្រជាជនកម្ពុជា យេីងក៏មានគណបក្សផ្សេងទៀតដែលទទួលបានអាសន:នៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ ក្នុងនោះគណបក្សភ្លេីងទៀនតាមលទ្ធផលបណ្តោះអាសន្នគឺទទួលបានប្រមាណជិត២០% តាមពីក្រោយគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ការបោះឆ្នោតនេះ មានការចូលរួមពីគណបក្សនយោបាយចំនួន១៧។ ជារួម ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ត្រូវបានវាយតម្លៃថាប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋចូលរួមបោះឆ្នោត ដោយគ្មានការបង្ខិតបង្ខំ ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner