អង្គការសហប្រជាជាតិ៖ ផលប៉ះពាល់នៃការសឹករិចរិលដីអាចនឹងបង្កការខាតបង់សេដ្ឋកិច្ចសរុប ២៣ទ្រីលានដុល្លារទូទាំងពិភពលោកនៅឆ្នាំ ២០៥០

អន្តរជាតិ៖ ផលប៉ះពាល់នៃការសឹករិចរិលដីអាចខាតបង់សេដ្ឋកិច្ចសរុបចំនួន ២៣ទ្រីលានដុល្លារទៅលើការបាត់បង់ស្បៀងអាហារ សេវាប្រព័ន្ធអេកូឡូស៊ី និងប្រាក់ចំណូលទូទាំងពិភពលោកនៅឆ្នាំ ២០៥០។ នេះបើតាមអនុសញ្ញាអង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងវាលខ្សាច់ (the United Nations Convention to Combat Desertification)។


ដីសម្បូរដោយជីវជាតិសំខាន់ៗកំពុងរលាយក្នុងល្បឿនដ៏គួរឱ្យព្រួយបារម្ភមួយ ដោយសារតែការប្រែប្រួលអាកាសធាតុ និងការអនុវត្តកសិកម្មមិនល្អ។ អង្គការសហប្រជាជាតិបានប្រកាសថា ដីមានគុណប្រយោជន៍ណាស់ ហើយព្យាករណ៍ថា វានឹងបាត់បង់ដោយសារមហន្តរាយក្នុងរយៈពេល ៦០ឆ្នាំខាងមុខនេះ។ ពិភពលោកត្រូវការដីសម្រាប់ធ្វើកសិកម្ម ការចម្រោះទឹក ការកាត់បន្ថយអាកាសធាតុ សេវាប្រព័ន្ធអេកូឡូស៊ី ការថែទាំសុខភាព និងធ្វើអ្វីៗជាច្រើនទៀត។ យោងតាមអង្គការសហប្រជាជាតិ សំណឹកដីអាចកាត់បន្ថយទិន្នផលដំណាំរហូតដល់ ១០ភាគរយនៅឆ្នាំ ២០៥០ ខាងមុខ ដែលប្រការនេះដូចគ្នាទៅនឹងការលុបបំបាត់ដីកសិកម្មរាប់លានហិកតា។


លោកស្រី Jo Handelsman អ្នកនិពន្ធសៀវភៅ “A World Without Soil” និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Wisconsin-Madison បានប្រាប់ទូរទស្សន៍ CNBC ថា មានកន្លែងដែលបានបាត់បង់ដីសំខាន់ៗរួចទៅហើយ។ លោក Ronald Vargas លេខានៃភាពជាដៃគូរធនធានដីសកល (Global Soil Partnership) និងជាមន្រ្តីផ្នែកដី និងទឹកនៅអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិក៏បានប្រាប់ទូរទស្សន៍ CNBC ដែរថា យើងបានរកឃើញការគំរាមកំហែងដីចំនួន ១០ នៅក្នុងរបាយការណ៍សកលរបស់យើង។

បើតាមអង្គការសហប្រជាជាតិ សំណឹកដីអាចកាត់បន្ថយទិន្នផលដំណាំរហូតដល់ ១០% នៅឆ្នាំ២០៥០ ដែលស្មើនឹងការលុបបំបាត់ដីស្រែរាប់លានហិកតា។ ហើយនៅពេលពិភពលោកបាត់បង់ដី ការផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាត និងជីវចម្រុះ កក្តាទាំងនេះហើយ គឺជាការគំរាមកំហែងពិតប្រាកដ។ លើសពីនេះ ដីមានតួនាទីសំខាន់ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ យោងតាមសាលាឯកទេសផ្នែកអាកាសធាតុ កូឡុំប៊ី បានឱ្យដឹងថា ដីមានបរិមាណកាបូនច្រើនជាង ៣ដងនៅក្នុងបរិយាកាសរបស់ផែនដី និង ៤ដងច្រើនជាងនៅក្នុងរុក្ខជាតិ និងសត្វដែលមានជីវិតរួមបញ្ចូលគ្នា។

ដីគឺជាជម្រកសម្រាប់ជាងមួយភាគបួននៃជីវចម្រុះរបស់ភពផែនដី។ នៅក្រោមដីនីមួយៗមានកោសិកាបាក់តេរី និងផ្សិតរាប់លាន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសេវាកម្មប្រព័ន្ធអេកូឡូស៊ីទាំងអស់។ នេះបើតាមលោក Reza Afshar ប្រធានអ្នកវិទ្យាសាស្ត្រនៅកសិដ្ឋានស្រាវជ្រាវផ្នែកកសិកម្មបង្កើតឡើងវិញនៅវិទ្យាស្ថាន Rodale ប្រាប់ទូរទស្សន៍ CNBC។ វិទ្យាស្ថាន Rodale នៅទីក្រុង Kutztown រដ្ឋ Pennsylvania ត្រូវបានគេស្គាល់ថា ជាកន្លែងកំណើតនៃវិស័យកសិកម្មសរីរាង្គទំនើប។

លោក Reza Afshar បន្តថា គម្រោងដែលយើងធ្វើនៅទីនេះ គឺផ្តោតលើការកែលម្អ និងកសាងឡើងវិញនូវសុខភាពដី ហើយថា យើងមានការសាកល្បងប្រព័ន្ធកសិកម្មដែលបានដំណើរការអស់រយៈពេល ៤២ឆ្នាំមកហើយ។ ការស្រាវជ្រាវបានរកឃើញថា កសិកម្មសរីរាង្គបង្កើតឡើងវិញ ផ្តល់ទិន្នផលខ្ពស់រហូតដល់ ៤០% ក្នុងអំឡុងគ្រោះរាំងស្ងួត ដែលអាចធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញកាន់តែច្រើន និងការបញ្ចេញកាបូនតិចជាង ៤០% ជាងការអនុវត្តកសិកម្មធម្មតា។


លោក Afshar បន្ថែមថា នៅពេលយើងនិយាយអំពីដីដែលមានសុខភាពល្អ យើងកំពុងនិយាយអំពីគ្រប់ទិដ្ឋភាពទាំងអស់នៃដី គីមី រូបវន្ត និងជីវសាស្រ្ត ដែលគួរតែស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះ ដើម្បីអាចផលិតអាហារដែលមានសុខភាពល្អសម្រាប់ពួកយើង។ ជាការពិតណាស់ ដីមានសារៈសំខាន់ណាស់ ពីព្រោះពិភពលោកពឹងផ្អែកលើដីដល់ទៅ ៩៥% នៃផលិតកម្មអាហាររបស់យើង។ ប៉ុន្តែនោះគ្រាន់តែជាការចាប់ផ្តើមនៃសារៈសំខាន់របស់វាប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកស្រី Dianna Bagnall អ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវដីនៅវិទ្យាស្ថានសុខភាពដីបានប្រាប់ CNBC ថា ដំណឹងល្អ គឺថាយើងដឹងគ្រប់គ្រាន់ដើម្បីធ្វើការងារឱ្យដីកាន់តែល្អប្រសើរឡើង៕ ប្រភព៖ CNBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner