ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបើក វគ្គបណ្ដុះបណ្ដាលស្តីពីច្បាប់ ចរាចរណ៍ ផ្លូវគោក និងការបើកបរដោយសុវត្ថិភាព ដល់បុគ្គលិកផ្នែកលក់ជាង២០០នាក់ប្រចាំនៅគ្រប់ខេត្ត-ក្រុង
ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំវគ្គបណ្ដុះបណ្ដាល សម្រាប់បុគ្គលិកផ្នែកលក់ប្រចាំនៅគ្រប់ខេត្ត-ក្រុង លើប្រធានបទ «ច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកបរដោយសុវត្ថិភាព» ដែលចូលរួមធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស លោកឧត្តម សេនីយ៍ត្រី ថី វិសាល អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។
បុគ្គលិកផ្នែកលក់របស់ ខ្មែរ ប៊ែវើរីជីស ដែលធ្វើការជាប្រចាំនៅ គ្រប់ខេត្ត-ក្រុងចំនួន ២៨២នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីសិក្សាបន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកបរប្រកប ដោយសុវត្ថិភាពព្រោះបុគ្គលិកផ្នែកលក់ទាំងអស់ធ្វើការបើកបរលើដងផ្លូវជាញឹកញាប់និងរៀងរាល់ថ្ងៃ។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនង សាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មាន ប្រសាសន៍ថា៖ «លើសពីការយកចិត្ត ទុកដាក់ទៅលើសុខមាលភាពរបស់បុគ្គលិក ខ្មែរ ប៊ែវើរីជីស តែង តែរក មធ្យោបាយនានា ដើម្បីធានាថា គ្រប់បុគ្គលិករបស់យើង ទាំងអស់ទទួលបានសុខសុវត្ថិភាពនៅគ្រប់កាលៈទេសៈ ជាក់ស្តែកដូចជា ការរៀបចំវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះក្ដី។»
គួរបញ្ជាក់ផងដែរថា ដើម្បីធានាសុវត្ថិភាពបុគ្គលិកនិងអ្នកធ្វើ ដំណើរផ្សេងទៀត ខ្មែរ ប៊ែវើរីជីស បានង្កើនប្រសិទ្ធភាពទៅលើ ច្បាប់ជួយសង្គ្រោះជីវិត Life Saving Rule តាមរយៈការប្រើប្រាស់ កម្មវិធី Safety Culture App នៅលើទូរស័ព្ទដៃ ដែលអនុញ្ញាតឲ្យ បុគ្គលិកទាំងអស់រាយការណ៍បានភ្លាមៗពីករណីសុវត្ថិភាពផ្សេងៗ៕
ដោយ៖ គ្រី សម្បត្តិ








