លោក ម៉ាក្រុង៖ ការចរចាគឺជារឿងសំខាន់ ដើម្បីនាំយកបទឈប់បាញ់ នៅអ៊ុយក្រែន
ប៊ុយការ៉េស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃពុធសប្តាហ៍នេះ បាននិយាយនៅឯមូលដ្ឋានទ័ពរបស់អង្គការណាតូនៅភាគអាគ្នេយ៍នៃប្រទេសរូម៉ានីថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងត្រូវចរចាជាមួយរុស្ស៊ី ហើយប្រជាជនអឺរ៉ុបក៏នឹងមានវត្តមាននៅក្នុងតុចរចានោះ ដើម្បីនាំមកនូវការធានាសន្តិសុខ។
លោក ម៉ាក្រុង បានប្រាប់ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីរ៉ូម៉ានីលោក ក្លូស ឡូហាននីស បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកលោកនៅឯមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu ថា យើងចង់កសាងសន្តិភាព ដែលមានន័យថា នៅពេលណាមួយភ្លើងត្រូវបានរលត់ ហើយការចរចាត្រូវតែបន្តឡើងវិញ ខណៈដែលបារាំងបានខិតខំព្យាយាមចាត់វិធានការទប់ស្កាត់ជម្លោះនេះ ។
បើតាមការបញ្ជាក់របស់លោក ម៉ាក្រុង បារាំងនឹងបន្តគាំទ្រអ៊ុយក្រែន ដើម្បីការពារខ្លួន ដើម្បីជួយសេដ្ឋកិច្ច ហិរញ្ញវត្ថុ ព្រមទាំងទាក់ទងនឹងផែនការមនុស្សធម៌ ។
ជាមួយគ្នានេះ លោក ឡូហាននីស បានសម្តែងការអរគុណចំពោះវត្តមានរបស់យោធាបារាំងនៅក្នុងប្រទេសរូម៉ានី និងសម្រាប់ការសន្មត់របស់បារាំងក្នុងតួនាទីជាមេដឹកនាំក្រុមប្រយុទ្ធរបស់អង្គការណាតូនៅក្នុងប្រទេស។ លោក ឡូហាននីស បន្ថែមថា រូម៉ានីប្តេជ្ញាដើរតួនាទីវិជ្ជមានក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការដឹកជញ្ជូនធញ្ញជាតិពីអ៊ុយក្រែនទៅកាន់ទីផ្សារអន្តរជាតិ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



