ឯកឧត្តម ប៊ូ ជុំសេរី៖ កីឡាករដែលចូលរួម ការប្រកួតកីឡាឧត្តមសិក្សាត្រូវជានិស្សិត ប្រសិនមានការក្លែងបន្លំ គឺចាញ់ដោយស្វ័យប្រវត្តិ

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានថ្លែងក្នុងសន្និសិទ ក្រោយបញ្ចប់ កិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងគុណភាព ត្រៀមការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ដែលគ្រោងដំណើរការចាប់ពីថ្ងៃទី២១ ដល់៣០ ខែមិថុនា ឆ្នាំ២០២២ថា កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតនេះ គឺត្រូវតែជានិស្សិត របស់គ្រឹះស្ថានឧត្តមសិក្សាពេញម៉ោង ហើយប្រសិនបើមានការក្លែងបន្លំសមាសភាព គណៈកម្មការបច្ចេកទេសតម្រូវវចាញ់ដោយស្វ័យប្រវត្តិ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានគូបញ្ជាក់ថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សានេះ បង្កើតឡើងមានគោលដៅធំៗចំនួន២ គឺទី១ ជម្រុញឲ្យយុវជន យុវនារីឲ្យមានកាយសម្បទាមាំមួន មានស្មារតីអង់អាចក្លាហាន និងមានសមត្ថភាពក្លាយជាពលរដ្ឋគំរូ ចូលរួមកសាងជាតិមាតុភូមិ នាថ្ងៃអនាគត និងទី២ ជម្រុញឲ្យយុវជនម្នាក់ត្រូវចេះលេងកីឡាមួយមុខ ពិសេសគឺយុវជន យុវជនារីដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានឧត្តមសិក្សា និងស្វែងរកអត្តពលិកជានិស្សិតមានទេពកោសល្យ មានកាយសម្បទាល្អ និងកម្រឹតបច្ចេកទេសខ្ពស់ ដើម្បីចូលជម្រើសជាតិ ត្រៀមចូលរួមការប្រកួតតំណាងជាតិ លើឆាកអន្តរជាតិ ។

ឯកឧត្តម ប៊ូ ជុំសេរី បន្ថែមថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សាឆ្នាំនេះ មាន១២ប្រភេទកីឡា វិញ្ញាសាសរុប៨៨ ធ្វើការប្រកួតនៅភ្នំពេញ ។ គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស សរុបចំនួន៣៨ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមសរុប ១៤៤៣នាក់ ។
សូមបញ្ជាក់ថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២២ ដំណើរការចាប់ពីថ្ងៃទី២១ ដល់៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាក្រសួងអប់រំយុវជន និងកីឡា ទាំងស្រុងសរុបជាង២០ម៉ឺនដុល្លារអាមេរិក ៕ អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner