យុវជន ៣នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងករណីព្រួតគ្នាវាយសម្លាប់កម្មកររោងចក្រម្នាក់
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានបង្គាប់ឱ្យឃុំខ្លួនយុវជន ត្រូវចោទចំនួន ៣នាក់ និងបញ្ជូនពួកគេទៅឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ទាក់ទងទៅនឹងអំពីឃាតកម្ម ដោយរួមគំនិតគ្នា វាយសម្លាប់ យុវជនរងគ្រោះម្នាក់ ដោយសាររឿងគំនុំ និងជម្លោះពាក្យសម្តី ប្រព្រឹត្តកាលពីវេលាម៉ោង១០ និង០០នាទីយប់ នៅចំណុចហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជាបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទទាំង៣នាក់ មានទី១-ឈ្មោះ រ៉ាត់ ណារ៉ាក់ (ហោ រ៉ាក់) ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ស្នាក់នៅភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា (គ្មានសារធាតុញៀន)។ ទី២-ឈ្មោះ ពិន បូរី (ហៅ រី) ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) និងទី៣- ឈ្មោះ អូន ដារ៉ា (ហៅហេង) ភេទប្រុស អាយុ ២១ឆ្នាំ ជាសិស្សសាលា ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ ចំណែកឯ ជនរងគ្រោះវិញ មានឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ និងស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមជម្រាប់ថា យុវជនទាំង ៣នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទឃាតកម្ម និងសមគំនិត ក្នុងអំពើឃាតកម្ម តាមបញ្ញត្តិមាត្រា ២៩ និង ១៩៩ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារ ចន្លោះពី ១០ ទៅ ១៥ឆ្នាំ ប្រសិនបើតុលាការរកឃើញពិរុទ្ធភាព ដូចបទចោទប្រកាន់។
គួររំលឹកថា យុវជនទាំង ៣នាក់នេះ ត្រូវបាននគរបាល់ខណ្ឌសែនសុខចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីពួកគេ បានព្រួតគ្នា វាយសម្លាប់ និង គប់ដុំថ្ម ទៅលើជនរងគ្រោះ បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅចំណុចកើតហេតុខាងលើ ក្នុងសង្កាត់ភ្នំពេញថ្មី ៕ ដោយ ៖ ឆៃហួត
