សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា
ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៦ យាងចូល៨៧ព្រះវស្សា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ ទេយ្យទានព្រះសង្ឍប្រារព្ធនៅវត្តរាជបូណ៌ ក្រុងសៀមរាប ដោយបាននិមន្តព្រះសង្ឃចំនួន ៨៧អង្គ មកពី១៣វត្ត ដើម្បីប្រគេនចង្ហាន់ស្រាក់ផងដែរ។
នៅក្នុងពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងវត្តមានឯកឧត្តម លោកជំទាវ គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខាក្រុងសៀមរាប ដូនជី តាជី ជាច្រើនរូបទៀត ។
នៅក្នុងសារលិខិតរបស់ប្រធានគណៈកម្មាធិការសាខាខេត្តដោយសេចក្តីថា៖ ក្នុងឱកាសដ៏នក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សារបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នាជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ទូទាំងខេត្តសៀមរាប ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ ព្រះរាជសព្វសាធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរ ដោយគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុត។ ព្រមទាំងបានបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជាកូន ចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ» ។
នាឱកាសនេះដែរអង្គពិធីក៏បាន ប្រគល់ជូន និងប្រគេនដល់វត្តរាជបូណ៌ បច្ច័យ ១លានរៀល និង ១០០ដុល្លារ – ព្រះសង្ឃ ៨៧អង្គ ក្នុង១អង្ឃៗចង្ហាន់ ១ស្រាក់ និងបច្ច័យ ៥ម៉ឺនរៀល- ដូនជី តាជី ២០នាក់ មា្នក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀលផងដែរ ៕ ដោយ ៖ ស៊ាន សុផាត










