ត្រីមួយប្រភេទអាចបង្កើតប្រាសាទខ្សាច់ក្រោមទឹកដ៏គួរឱ្យទាក់ទាញ និងនឹកស្មានមិនដល់
អន្តរជាតិ៖ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រាសាទខ្សាច់ក្រោមទឹកនៅលើពិភពលោកគឺជារឿងដ៏អាថ៌កំបាំងមួយ។ ប្រាសាទខ្សាច់ក្រោមទឹកនេះ ត្រូវបានគេចាត់ទុកជាស្ថាបត្យកម្មដ៏អស្ចារ្យមួយ ចាប់តាំងពីត្រីមួយប្រភេទត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៥ នៅក្នុងដែនទឹករបស់ប្រទេសជប៉ុន។

គិតត្រឹមក្នុងឆ្នាំ២០១៣ ដែលជាឆ្នាំនៃប្រាសាទខ្សាច់ដ៏អាថ៌កំបាំងនៅក្រោមទឹក ត្រូវបានបែកធ្លាយ ដោយស្ថាបត្យកររបស់ប្រាសាទទាំងនោះ គឺជាសត្វត្រីមួយប្រភេទ ដែលគេឱ្យឈ្មោះថា Torquigener albomaculosus ឬ the white-spotted pufferfish។ ការងាររបស់វា (ត្រី) មានភាពរីកចម្រើនណាស់។

ត្រីនេះ វាស់ត្រឹមតែ ១២សង់ទីម៉ែត្ររាងជារង្វង់ មានអង្កត់ផ្ចិត ២ម៉ែត្រ។ ត្រីនេះត្រូវចំណាយពេលពី ៧ ទៅ ៩ថ្ងៃដើម្បីសម្រេចកិច្ចការនេះ ដោយធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីការពារកុំឱ្យចរន្តទឹករំខានដល់ការងាររបស់វា។ វាត្រូវខំប្រឹងវាយព្រុយរបស់ខ្លួនដើម្បីប្តូរខ្សាច់ ហើយគូរគំរូរបស់វា។ គោលបំណងរបស់វាគឺការបន្តពូជ។ បើត្រីញីពេញចិត្តនឹងការងាររបស់ត្រីឈ្មោល នោះត្រីញីនឹងដាក់ពងរបស់វានៅចំកណ្តាលរង្វង់ ដើម្បីឱ្យត្រីឈ្មោលជួយដល់ការបង្កកំណើត។

យើងមិនទាន់ដឹងច្បាស់ពីលក្ខណៈវិនិច្ឆ័យណាមួយ ដែលត្រីញីជ្រើសរើសរង្វង់ដែលខ្លួនចូលចិត្តនោះទេ ប៉ុន្តែវាហាក់បីដូចជាសំណង់របស់ត្រីឈ្មោលអាចជួយការពារពងរបស់ត្រីញីពីការរំខានដោយចរន្តទឹកសមុទ្រ។ រង្វង់នីមួយៗប្រើតែម្តងប៉ុណ្ណោះ ហើយលើកក្រោយ បើខាងត្រីឈ្មោលចង់បន្តពូជទៀត គឺត្រូវចាប់ផ្តើមធ្វើបែបនេះម្តងទៀត៕ ប្រភព៖ Brut Nature ប្រែសម្រួល៖ ទីណា និងបុត្រា

