ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រារព្ធទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធិផលមួយចំនួននៅព្រំដែនកម្ពុជា វៀតណាម
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកនាយករដ្ឋមន្រ្តី នៃប្រទេសវៀតណាម នឹងអញ្ជើញប្រារព្ធទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ ខែមិថុនា ឆ្នាំ១៩៧៧ ) និងសម្ពោធសមិទ្ធិផលមួយចំនួននៅព្រំដែនកម្ពុជា វៀតណាម នៅតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
តាមគម្រោងសម្តេចតេជោ និងលោកនាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញកាត់ខ្សែបូរ ជានិមិត្តរូបសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ អគារមិត្តភាព និងសមិទ្ធផលនានា។ ក្រៅពីនេះ ក៏មានពិធីចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែន ៦%ដែលសម្រេចបានរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងជំនួបទ្វេរភាគី។
ជាមួយគ្នានោះសម្តេចតេជោ និងនាយករដ្ឋមន្រ្តីវៀតណាម នឹងអញ្ជើញដាំដើមឈើមិត្តភាព និងកម្មវិធីមួយចំនួនទៀត។
សូមរំលឹកថា ក្នុងកំឡុងចុងទស្សវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងរង់ចាំនូវចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង២១:០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃច័ន្ទ ៥កើត ខែអសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការរំដោះជាតិ ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។ បើគ្មានក្បាលម៉ាស៊ីន ដឹកនាំ និង គ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ដោយគ្មានត្រាប្រណី។
ពីទីតាំងកោះថ្មនារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នោះហើយ បានក្លាយជាទិវាមួយដ៏សំខាន់នៃ របត់ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលាដែលសម្តេច ហ៊ុន សែន បានចាប់ផ្តើមដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ៕ ដោយ វណ្ណលុក











