តួកគី៖ កិច្ចប្រជុំកំពូលណាតូនាពេលខាងមុខនេះ មិនមែនជាពេលវេលាកំណត់សម្រាប់ការដាក់ពាក្យសុំរបស់ស៊ុយអែត និងហ្វាំងឡង់ទេ
អង់ការ៉ា ៖ ការចរចាលើពាក្យស្នើសុំរបស់ហ្វាំងឡង់ និងស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ និងក្តីកង្វល់របស់តួកគី នឹងបន្តលើសពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ នៅថ្ងៃទី២៩ ខែមិថុនាខាងមុខ។ នេះបើតាមអ្នកនាំពាក្យប្រធានាធិបតីតួកគី។
អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក អ៊ីប្រាហ៊ីម ខាលីន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទដើមសប្តាហ៍នេះថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងម៉ាឌ្រីត មិនមែនជាពេលវេលាកំណត់ទេ… ដូច្នេះការចរចារបស់យើងនឹងបន្ត។ ការអត្ថាធិប្បាយរបស់លោក ខាលីន ខាងលើនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងព្រុចសែល ហើយបានមានកើតឡើងក្រោយនាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី សានណា ម៉ារីន បានទទួលស្គាល់ថា ការដាក់ពាក្យសុំរបស់ប្រទេស Nordic អាចជាប់គាំង ប្រសិនបើកិច្ចព្រមព្រៀងជាមួយតួកគីមិនត្រូវបានសម្រេច មុនកិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយនេះទេ។
ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលរួមជាមួយអង្គការណាតូក្នុងខែឧសភាកន្លងទៅ ដោយបិទបញ្ចប់ការមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍របស់ប្រទេសទាំងពីរ បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។
កាលពីសប្តាហ៍មុន ទីក្រុងអង់ការ៉ាបានបញ្ជាក់ថា ខ្លួនមានឆន្ទៈក្នុងការពន្យាពេលសមាជិកភាពរបស់ស៊ុយអែត និងហ្វាំងឡង់ក្នុងអង្គការណាតូ លុះត្រាតែខ្លួនបានទទួលការធានាគ្រប់គ្រាន់ថា ប្រទេសទាំងពីរមានឆន្ទៈក្នុងការដោះស្រាយចំពោះការគាំទ្រដល់ក្រុមឃើដ ដែលតួកគីចាត់ទុកថា ជាក្រុមភេវរករ៕ ប្រភព៖ CGTN ប្រែសម្រួល៖ ទីណា និងបុត្រា

