សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ
ភ្នំពេញ ៖ អគាររដ្ឋបាលថ្មីចំនួនមួយខ្នង កម្ពស់ពីរជាន់ មាន១៥បន្ទប់ ស្ថិតនៅក្នុងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានរៀបចំពិធីសម្ភោធ ដាក់ឱ្យ ប្រើប្រាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច វិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ២០២២។
នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានី ភ្នំពេញ បានឡើងរាយការណ៍ជូនអង្គពិធីអំពីស្ថានភាព ទីតាំង ភូមិសាស្រ្ត ការរស់នៅរបស់ប្រជាពលរដ្ឋ និងស្ថានភាពអប់រំ នៅ រាជធានីភ្នំពេញ ដោយឡែកវិទ្យាល័យជាស៊ីមជ្រោយចង្វារ មានទី តាំង ស្ថិតនៅក្នុងភូមិ៣ ក្រុមទី១៧ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានបង្កើតនៅឆ្នាំសិក្សា១៩៨៤-៨៥ មានឈ្មោះថាអនុវិទ្យាល័យ ជ្រោយចង្វារ។
មានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីដ៏មាន សារៈប្រយោជន៍នេះ និងសូមកោតសរសើរចំពោះទឹកចិត្ត សប្បុរសជន នានា រួមទាំងការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានជួយជ្រោម ជ្រែងដល់ការកសាងអគាររដ្ឋបាលថ្មីនេះរហូតចប់រួចរាល់ជាស្ថាពរ។
សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកថា កាលដើមឡើយ សាលារៀន មួយនេះ ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងដោយពួកប៉ុល ពត អត់សាសនា អត់ការអប់រំ ប៉ុន្តែយើងបានកសាងឡើងវិញនៅឆ្នាំ១៩៨៤ និងដាក់ឈ្មោះថាអនុវិទ្យាល័យជ្រោយចង្វារ។ នៅពេលនោះ យើងខិត ខំ រហូតកសាងបានអគារសិក្សាធ្វើអំពីថ្មបន្ថែមជាច្រើនខ្នង និងមានសម្ភារៈ សិក្សាគ្រប់គ្រាន់ ដែលផ្តល់លទ្ធភាពឲ្យសិស្សអាចរៀនសូត្រស្រូបយក ចំណេះដឹងបាន និងបានប្តូរឈ្មោះមកជាវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ វិញ ដើម្បីឧទ្ទិសដល់គុណបំណាច់ដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា ដែល បានណែនាំឲ្យធ្វើយ៉ាងណារៀបចំតំបន់នេះកុំឲ្យមានទឹកជន់លិច បង្កការលំបាកដល់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។
សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាល ធនធានមនុស្ស គឺជាកិច្ចការដ៏សំខាន់ និងចាំបាច់សម្រាប់រួមចំណែក ដល់ការកសាងសង្គមអារ្យធម៌មួយ ប្រកបដោយសុខុដុមរមនា សុភមង្គល មានសណ្តាប់ធ្នាប់ និងការរីកចម្រើនជាលំដាប់។ បន្ទាប់ពី ស្ថានភាពកូវីដ-១៩ បានធូរស្រាល ក្មួយៗ ក៏បានមករៀននៅ សាលារៀន វិញជាធម្មតា ក្រោយពីអាក់ខានមិនបានរៀនដូចធម្មតាអស់រយៈពេល ជាងពីរឆ្នាំមកនេះ ដោយសារការរាតត្បាតកូវីដ-១៩ចូលក្នុង សហគមន៍ របស់យើង។ ប៉ុន្តែទោះបីជាមិនអាចមករៀនផ្ទាល់នៅសាលាបាន ក៏ពិតមែន រដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ និងប្រើគ្រប់វិធីសាស្រ្ត ដើម្បីឱ្យក្មួយៗ អាចសិក្សាតាមកម្មវិធីអនឡាញ តាមកម្មវិធីទូរទស្សន៍ វិទ្យុ និងតាមកម្មវិធីក្នុងទូរស័ព្ទរបស់ក្រសួងអប់រំជាដើម។ ការខិតខំទាំងអស់នេះ គឺដើម្បីធានាថាសិស្សានុសិស្សនៅតែអាចទទួល បាន ការបណ្តុះបណ្តាលស្របតាមកម្មវិធី និងដើម្បីរៀនសម្របខ្លួនរបៀប “ការរស់នៅតាមគន្លងប្រក្រតីថ្មី”ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានចាក់វ៉ាក់សាំងជូនប្រជាជនទាំងមូលចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅដោយឥតគិតថ្លៃ ទាំងការចាក់វ៉ាក់សាំងដូសដំបូង ដូសជំរុញទី១ ទី២ ទី៣ ទី៤ ទី៥ ឬទី៦ក៏ដោយ។
សម្តេចប្រធានព្រឹទ្ធសភាបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបច្ចុប្បន្នបាន ផ្តោតសំខាន់លើការអភិវឌ្ឍ មនុស្ស ទឹក ផ្លូវ ភ្លើង វិញម្តង។ ការប្រែប្រួល ចក្ខុវិស័យ គឺសុទ្ធតែត្រូវបានគិតគូរយ៉ាងហ្ម៉ត់ចត់ និងត្រឹមត្រូវពីប្រមុខ រដ្ឋាភិបាល ដើម្បីប្រទេសកម្ពុជាបន្តទទួលបានការរីកចម្រើនជាលំដាប់ តាមលំអានរបស់ពិភពលោក និងដើម្បីប្រជាពលរដ្ឋ បន្តរស់នៅដោយ សុខ សន្តិភាព មានជីវភាពប្រសើរឡើង ទោះបីជាពេលខ្លះយើង ទាំងអស់គ្នាត្រូវប្រឈម នឹងការលំបាកដែលមិនធ្លាប់ជួបពីមុន ដូចជាការរាតត្បាតនៃជំងឺកូវីដ-១៩ និងដោយវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក្តី អ្វីដែលរាជរដ្ឋាភិបាលធានាបានជូនប្រជាពលរដ្ឋគ្រប់ៗរូប គឺសុខសន្តិភាព ដែលយើងគ្រប់គ្នារកបានមកដោយលំបាក។ យើងមិនត្រូវបំភ្លេចចំណុចនេះឡើយ និងត្រូវរំលឹកបង្រៀនដល់ក្មេងៗ ជំនាន់ ក្រោយ ពីគុណតម្លៃនៃសន្តិភាព ដោយបង្ហាញឱ្យពួកគេឃើញ និងយល់ថា “បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់”។
ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងសមិទ្ធផលជាច្រើនរាប់មិនអស់ត្រូវបានកសាង និងអភិវឌ្ឍនៅ ទូទាំងប្រទេស មិនអាចកើតឡើងដោយឯកឯងបានទេ ប្រសិនបើគ្មាន “សន្តិភាព”។
សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបាន និង កំពុងតែឈរស្មើមុខ ស្មើមាត់ នឹងប្រទេសដទៃទាំងអស់នៅលើ ពិភពលោក ។ ក្នុងឆ្នាំ២០២១ កន្លងមកនេះ កម្ពុជាបានទទួលធ្វើជា ប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ តាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមពីថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនៅអឺរ៉ុប និង អាស៊ីជាង៥៨ប្រទេស។ ក្នុងខែឧសភាថ្មីៗកន្លងមកនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ត្រូវបានអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងនាមជាសហប្រធានដឹកនាំអង្គប្រជុំ ជាមួយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនេះ គឺជាមោទកភាពដ៏ធំបំផុត របស់ប្រទេសជាតិយើង។ ការធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំកំពូលកម្រិតតំបន់ និងពិភពលោកនេះបាន សបញ្ជាក់ ឱ្យឃើញថាក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ និងភាពប៉ិនប្រសប់ ផ្នែកនយោបាយការទូតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជាបានធ្វើឱ្យពិភពលោក ស្ញប់ស្ញែង កោតសរសើរ និងបាន ប្រគល់ពានរង្វាន់សន្តិភាព ស៊ុនហាក់ SUNHAK របស់អង្គការសម្ព័ន្ធ សន្តិភាពសកល នៃសាធារណរដ្ឋកូរ៉េខាងត្បូង ជូនសម្តេចនាយក រដ្ឋមន្រ្តី ថែមទៀតផង។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ចាប់តាំងពីប្រទេស កម្ពុជា ទទួលយកររបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សមក កម្ពុជា បានរៀបចំការបោះឆ្នោតទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិស្រប តាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានជាទៀងទាត់។ ថ្មីៗកន្លងមកនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សានៅទូទាំងប្រទេស ហើយយើងសង្ឃឹមថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាឆ្នាំ២០២៣ និងប្រព្រឹត្តទៅដោយរលូន។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់បន្ថែមថា ជានិច្ចកាល រាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា ពោលគឺបន្តធានានូវ សេវាអប់រំ ដែលមានគុណភាព ប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំង អស់គ្នា។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ នឹងបន្តដោះស្រាយរាល់ការខ្វះខាត ក្នុងវិស័យអប់រំនេះទៅតាមកំណើននៃសិស្សានុសិស្ស មិនថាតែនៅ ទីក្រុង ឬតាមទីជនបទឡើយ។ អាស្រ័យហេតុនេះ សូមអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ បន្តផ្សាភ្ជាប់ឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាពិសេសលោកចៅសង្កាត់ និងថ្នាក់ដឹកនាំសង្កាត់ ត្រូវបន្តកាយវិការសកម្មក្នុងការបម្រើប្រជាជនបែបនេះ និងធ្វើឱ្យ កាន់តែច្រើនឡើងថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យ សិស្សានុសិស្សទទួលបាននូវគុណវុឌ្ឍិមួយចំនួនដូចជា៖ ១.អាចយល់ ដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ ,២.មានគំនិតច្នៃប្រឌិត ៣.ចេះគោរព និងចេះប្រើពាក្យសំដីនិងអាកប្បកិរិយា គួរសមចំពោះ មនុស្សគ្រប់រូប ៤.ចេះគោរពស្រឡាញ់ខ្លួនឯង គ្រួសារ និងអ្នកដទៃ និង៥.ចូលចិត្ត សកម្មភាពដែលនាំមកនូវសុខភាពល្អ និងការរីកចម្រើនទាំងផ្នែក រាងកាយ និងបញ្ញា។ ជាមួយគ្នានេះសម្តេចក៏បានអំពាវនាវដល់អ្នកគ្រូ លោកគ្រូ និងអាណាព្យាបាលគ្រប់រូប ត្រូវចូលរួមអប់រំកូន ឱ្យគាត់ ចាកឆ្ងាយពីការប្រើប្រាស់បណ្តាញសង្គមដែលសំបូរទៅដោយការអូសទាញបែបអបាយមុខ ព័ត៌មានហិង្សា ព័ត៌មានក្លែងក្លាយ ដែលនាំឱ្យ យុវវ័យ ញៀនងប់ងល់និងទូរស័ព្ទ រហូតដល់ការផ្តោតអារម្មណ៍រៀន ជាពិសេសអាចឈានទៅដល់ការប្រព្រឹត្តអំពើអបាយមុខនានា ដែលបំផ្លាញខ្លួនឯងផង គ្រួសារផង និងសង្គមជាតិផង។
សូមជម្រាបថា អគាររដ្ឋបាលថ្មីមួយខ្នង កម្ពស់ពីរជាន់ មាន១៥បន្ទប់ ស្ថិតក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ មានបណ្តោយ ៤៩ម៉ែត្រ និងទទឹង ៩,៧ម៉ែត្រ ធ្វើអំពីឥដ្ឋប្រក់ក្បឿង ចាប់ផ្តើមសាងសង់ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ចប់សាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដែលចំណាយអស់ថវិកាចំនួន ២៥ម៉ឺនដុល្លារអាមេរិក ៕ដោយ៖គ្រី សម្បត្តិ













