លោក សោម សុទ្ធរិទ្ធិពង្ស៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ត្រៀម១០វិញ្ញាសា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជាក់ថា សហព័ន្ធត្រៀមខ្លួនរួចជាស្រេច ដើម្បីដណ្តើមមេដាយជូនកម្ពុជា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។ ការបង្ហាញភាពជឿជាក់យ៉ាងដូច្នេះ ដោយសារសហព័ន្ធ មាន ផែនការច្បាស់លាស់ ដូចជា បង្កើនការហ្វឹកហាត់ជូនអត្តពលិក បញ្ជូនទៅចូលរួមប្រកួតកម្រិតអន្តរជាតិ បណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម តាមរយៈបង្កើនវគ្គក្នុងស្រុក និងចូលរួមវគ្គក្រៅស្រុក ជាពិសេស ពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេស រៀបចំព្រឹត្តការណ៍ប្រកួតកម្រិតជាតិ និងអន្តរជាតិ ។

លោក អគ្គលេខាធិការសហព័ន្ធ បន្តថា ដើម្បីសម្រេចតាមសន្ទសន៍របស់គណកម្មាធិការជាតិរៀបចំព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គឺសហព័ន្ធកីឡាទូកក្តោងត្រូវដណ្តើមឲ្យបានមេដាយមាស១គ្រឿង ។ ក្នុងឆ្នាំ២០២១កន្លងទៅ សហព័ន្ធ បានរៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ នៅខេត្តព្រះសីហនុ ដោយមាន៤ប្រទេសចូលរួម ថៃ សិង្ហបូរី ម៉ាឡេស៊ី និងកម្ពុជាជាម្ចាស់ផ្ទះ ជាលទ្ធផលអត្តពលិកកម្ពុជា ដណ្តើមបានដណ្តើមបានមេដាយសរុប ៨គ្រឿង មាស១ ប្រាក់៤ និងសំរិទ្ធ៣គ្រឿង និងទទួលបានការវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការបច្ចេកទេសកម្ពុជាធ្វើបានយ៉ាងល្អលើការងារបច្ចេកទេស និងមន្រ្តីសហព័ន្ធមានសមត្ថភាពគ្រប់គ្រាន់រៀបចំការប្រកួតអន្តរជាតិបានដោយខ្លួនឯងប្រកបដោយស្តង់ដា ពីអ្នកជំនាញសិង្ហបូរីលោក CHAN KHUN SING JOSEPH ផងដែរ ។

លោក សោម សុទ្ធរិទ្ធិពង្ស អោយដឹងទៀតថា ក្រៅពីការរៀបចំសហព័ន្ធក៏បានបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡាទូកក្តោងជើងឯកអាស៊ី នៅទីក្រុង Abu Dabi ប្រទេស Arab Emirate កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ , ហើយកាលពីថ្ងៃទី១៧ ខែមិថុនា សហព័ន្ធបញ្ជូនកីឡាករ៤រូប ទៅចូលរួមប្រកួត នៅប្រទេសសិង្ហបូរី , ក្នុងខែកក្កដាខាងមុខនេះ សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ កីឡាករិនី៤រូប ទៅចូលរួមប្រកួត នាទីក្រុងប៉ាតាយ៉ា ប្រទេសថៃ លើ២វិញ្ញាសាផ្សេងទៀត រួមទាំងមន្រ្តីបច្ចេកទេសផងដែរ។

លោក សង្ឃឹមថា មន្រ្តីបច្ចេកទេស និងអត្តពលិកកីឡាទូកក្តោង នឹងទទួលបានសិទ្ធផល បច្ចេកទេស និងបទពិសោធន៍ល្អៗ ត្រៀម ស៊ីហ្គេម នៅកម្ពុជា ។ ក្រៅពីបញ្ចូនកីឡាករ កីឡាករិនីចូលរួមប្រកួត សហព័ន្ធក៏មានគម្រោងបញ្ចូនកីឡាករ គ្រូបង្វឹក មន្រ្តីរៀបចំការប្រកួតទៅហ្វឹកហាត់ និងសិក្សារៀនសូត្ររយៈពេលវែង នៅប្រទេសថៃ។ អគ្គលេខាធិការ បន្ថែមថា មុនស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ និងរៀបចំការប្រកួត Pre-Sea Gamesនៅចុងឆ្នាំ២០២២នេះ ដោយអញ្ជើញមិត្តក្នុងតំបន់ ចូលរួមដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេស ជាពិសេសស្វែងយល់ពីទីតាំង ទិដ្ឋភាព កន្លែងហ្វឹកហាត់ជាមុនសិន ។

សូមបញ្ជាក់ថា សម្រាប់ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ សហព័ន្ធកីឡាទូក្តោងបានត្រៀមកីឡាករ កីឡាការិនី៨រូប និងមន្រ្តីបច្ចេកទេសជាច្រើនរូប សម្រាប់រៀបចំព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ។ និងត្រៀម១០វិញ្ញាសា នារី៤វិញ្ញាសា បុរស៦វិញ្ញាសា ។ ចំពោះទីតាំងវិញ គឺជ្រើសរើសយកឆ្នេរសុខា ខេត្តព្រះសីហនុ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner