លោក ចូ បៃដិន ៖ អ៊ុយក្រែនអាចនឹងក្លាយជាសមាជិកសហភាពអឺរ៉ុប
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទដើមសប្តាហ៍នេះថា រូបលោកផ្ទាល់យល់ថា អ៊ុយក្រែនទំនងនឹងក្លាយជាសមាជិកនៃសហភាពអឺរ៉ុប។ លោកថា ដំណើរទស្សនកិច្ចទៅអ៊ុយក្រែននៅតែមាននៅលើតុ ប៉ុន្តែប្រហែលមិនមែនកើតឡើងក្នុងកំលុងលោកធ្វើដំណើរទៅអឺរ៉ុបនាពេលខាងមុខនេះទេ។
លោក បៃដិន បានថ្លែងអះអាងបែបនេះទៅកាន់អ្នកយកព័ត៌មាននៅឯទីក្រុងរីហូបុត រដ្ឋឌែលឡាវែរ ជាកន្លែងដែលលោកកំពុងវិស្សមកាល មុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនាខាងមុខ។
នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថា តើលោកនឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងកំលុងពេលធ្វើដំណើរទៅអឺរ៉ុបដែរឬទេ លោក បៃដិន បានឆ្លើយយ៉ាងខ្លីថា វាមិនមែនក្នុងដំណើរនេះនោះទេ។ លោកថា ដំណើរទស្សនកិច្ចទៅទីក្រុងកៀវគឺអាស្រ័យលើថាតើវាបង្កការលំបាកបន្ថែមទៀត សម្រាប់ប្រជាជនអ៊ុយក្រែនឬអត់ និងថាតើវាធ្វើឲ្យរំខានអ្វីដែលកំពុងកើតឡើងឬអត់?
គួរបញ្ជាក់ថា អ៊ុយក្រែនមិនទាន់ទទួលបានឋានៈជាបេក្ខជន ដែលជាជំហានដំបូងក្នុងដំណើរការចូលរួមសហភាពអឺរ៉ុប ដែលអាចចំណាយពេលរាប់ទសវត្សរ៍នោះទេ។ ប៉ុន្តែបារាំង និងអាល្លឺម៉ង់បានចេញមុខគាំទ្រភ្លាមៗ ក្នុងការផ្តល់ឋានៈនេះដល់អ៊ុយក្រែន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ ទៅកាន់ទីក្រុងកៀវ កាលពីសប្តាហ៍មុន៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា



