សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរគាំទ្រ កាណាដា ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២១-២០២២
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងគាំទ្របេក្ខភាពរបស់កាណាដាជាសមាជិកមិនអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២១-២០២២ ដែលនឹងបោះឆ្នោតនៅក្នុងឆ្នាំ២០២០ ខាងមុខ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសជំហររបស់កម្ពុជាបែបនេះ នៅក្នុងឱកាសអនុញាតិឱ្យលោកជំទាវ ដូនីកា ប៉ុតទី (Donica Pottie) ឯកអគ្គរដ្ឋទូតកាណាដាដែលចប់បេសកកម្មការងារ នៅក្នុងប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ។
ក្នុងជំនួបនោះ លោកជំទាវ បានសំដែងនូវក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយនឹងសម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោកជំទាវបានមានប្រសាសន៍ថា លោកជំទាវបានមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា២អាណត្តិហើយគឺអណត្តិទី១ គឺពី ២០០៤-២០០៧ និងអណត្តិទី២ ពី ២០១៦-២០១៩។ លោកជំទាវបានមានប្រសាសន៍ថា កម្ពុជា និងកាណាដា មានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ ហើយក៏បានចូលរួមក្នុងកិច្ចការជាច្រើនជាមួយប្រទេសកម្ពុជាផងដែរ។ លោកជំទាវ បានសម្ដែងការពេញចិត្ត និងបានកោត សរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការ ដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី។ លោកជំទាវក៏មានការពេញចិត្តផងដែរសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាកាណាដា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាណាដា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា ក្នុងនោះ ប្រទេសកាណាដា ក៏បានចូលរួមក្នុងវិស័យសំខាន់ៗផងដែរ ដូចជាការវិនិយោគ ពាណិជ្ជកម្ម ការបោសសំអាតមីនវិស័យធនាគារ និងអប់រំជាដើម។ សម្រាប់ទំហំពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជាវិញ មានជាង១ពាន់លានដុល្លារ ហើយផលិតផលរបស់កម្ពុជា ដែលនាំចេញទៅកាន់ប្រទេសកាណាដាច្រើននោះ គឺសម្លៀកបំពាក់។ ត្រង់ចំនុចនេះ លោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលបម្រើការងារលើវិស័យវឧស្សាហកម្មនេះ។ ជាពិសេស ការផ្ដល់នូវតម្រូវការសំខាន់ដល់កម្មករដូចជា ការគិតគូរពីកន្លែងធ្វើការ ប្រាក់ខែ និងរបបគាំពារសង្គមជាដើមជាពិសេសស្ត្រីដែលមានផ្ទៃពោះនោះ។ ដែលចំណុចនេះធ្វើឲ្យលោកជំទាវ ក៏ដូចជាប្រទេសកាណាដាកាន់តែមានជំនឿទុកចិត្តមកលើប្រទេសកម្ពុជា ជាពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកជំទាវ ដូនីកា ប៉ុតទី ក៏បានកោតសរសើរប្រទេសកម្ពុជាទាក់ទងទៅនឹងការបង្កើនកងកម្លាំងថែរក្សាសន្តិភាពមួកខៀវ ទៅកាន់បណ្ដាប្រទេសផ្សេងៗដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពទៅកាន់បណ្ដាប្រទេសផ្សេងៗ ជាពិសេសចំនួនស្ត្រីដែលបានទៅចូលរួមនៅក្នុងកងកម្លាំងមួកខៀវថែរក្សាសន្តិភាពនោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីមុនយើងទទួលកងកម្លាំងមួកខៀវពីប្រទេសក្រៅក៏ប៉ុន្តែឥឡូវនេះ យើងបញ្ជូនកងកម្លាំងមួកខៀវថែរក្សាសន្តិភាពទៅកាន់បណ្ដារប្រទេសផ្សេងៗ ។ នេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។ សម្ដេចក៏បានអរគុណដល់លោកជំទាវ អគ្គរដ្ឋទូត ដែលតែងតែឲ្យតម្លៃសម្រាប់ប្រទេសកម្ពុជា និងបានមើលឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ។
លោកជំទាវមានប្រសាសន៍ទៀតថា ថ្មីៗនេះយើងបានចុះហត្ថលេខាជាមួយគ្នា ទាក់ទងវិស័យអប់រំជាមួយនឹងមហាវិទ្យាល័យ ផារ៉ាហ្គន ដើម្បីបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសកាណាដា ហេីយលោកជំទាវ នឹងខិតខំដើម្បីឱ្យមានអាហារូបករណ៍បន្ថែមទៀតសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។
ទាក់ទងទៅនឹងទំនាក់ទំនងនៅលើវេទិកាអន្តរជាតិវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា នឹងគាំទ្របេក្ខភាពរបស់កាណាដាជាសមាជិកមិនអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២១-២០២២ ដែលនឹងបោះឆ្នោតនៅក្នុងឆ្នាំ២០២០ ខាងមុខ ។
ពាក់ព័ន្ធនឹងបញ្ហារបស់ កឹម សុខា សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្នលោក កឹម សុខា មិនមែនស្ថិតនៅក្នុងឃុំឃាំងនោះទេ គឺកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយតុលាការកំពុងស៊ើបអង្កេត។ នៅពេលតុលាការស៊ើបអង្កេតចប់ គេនឹងបើកសវនាការ ពេលនោះ គឺយើងនឹងពិនិត្យទៅតាមច្បាប់ ។ សម្តេច ថា កម្ពុជា ត្រូវតែអនុវត្តទៅតាមច្បាប់របស់កម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់រូបមិនថា អ្នកនយោបាយ ឬជាប្រជាពលរដ្ឋធម្មតានោះទេ គឺត្រូវតែគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់របស់កម្ពុជា។
ពាក់ព័ន្ធបញ្ហាប្រជាធិបតេយ្យវិញ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោកជំទាវ ដូនីកា ប៉ុតទី ថា កម្ពុជា ដំណើរការប្រជាធិបតេយ្យជាធម្មតា តួយ៉ាងការបោះឆ្នោតនៅឆ្នាំ២០១៨ កន្លងមកមានបក្សនយោបាយច្រើនបានចូលរួម ហើយបច្ចុប្បន្នមានបក្សនយោបាយមួយចំនួនកំពុងត្រៀមបង្កើតឡើងផងដែរ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បញ្ហាសុខសន្តិភាពនៅតែសំខាន់បំផុតសម្រាប់កម្ពុជា បើគ្មានសន្តិភាព គឺមិនបាច់និយាយអំពីបញ្ហាផ្សេងៗទៀតនោះឡើយ ៕


