សេដ្ឋកិច្ចអ៊ុយក្រែនត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះយ៉ាងហោចណាស់ ៣៥%ក្នុងឆ្នាំ២០២២នេះ ដោយសារជម្លោះជាមួយរុស្ស៊ី
កៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍នៅថ្ងៃអង្គារសប្តាហ៍នេះ ដោយដកស្រង់សម្តីនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក ដេនីស៍ ស៊្មីហាល់ ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែននឹងធ្លាក់ចុះយ៉ាងហោចណាស់ ៣៥ភាគរយនៅឆ្នាំ២០២២នេះ ដោយសារជម្លោះជាមួយរុស្ស៊ី។
ពេលកំពុងថ្លែងសុន្ទរកថា ក្នុងសន្និសិទអន្តរជាតិ ស្តីពីការស្តារប្រទេសអ៊ុយក្រែនឡើងវិញ ដែលធ្វើឡើងនៅប្រទេសស្វីសក្នុងសប្តាហ៍នេះ លោក ស៊្មីហាល់ បាននិយាយថា សេដ្ឋកិច្ចអ៊ុយក្រែនបានចាប់ផ្តើមងើបឡើងវិញពីការដួលរលំដោយសារតែជម្លោះជាមួយរុស្ស៊ីក្នុងសប្តាហ៍ដំបូង។ លោក ស៊្មីហាល់ បានបញ្ជាក់ដូច្នេះថា រដ្ឋាភិបាលអ៊ុយក្រែនបានអនុវត្តយុទ្ធនាការសាបព្រួសគ្រាប់ធញ្ញជាតិដោយជោគជ័យ ហើយបានបន្តការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនភាគខាងលិច ប៉ុន្តែលោកថា សេដ្ឋកិច្ចនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ។
យោងតាមសេវាស្ថិតិរដ្ឋបានឱ្យដឹងថា GDP របស់ប្រទេសអ៊ុយក្រែនបានធ្លាក់ចុះ ១៥.១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមករា ដល់ខែមីនា ឆ្នាំ២០២២។ បើតាមការប៉ាន់ប្រមាណរបស់ធនាគារជាតិអ៊ុយក្រែននៅក្នុងឆមាសទីពីរឆ្នាំ២០២២នេះ អត្រានៃការធ្លាក់ចុះសេដ្ឋកិច្ចនឹងទាបជាង ប៉ុន្តែជាទូទៅ GDP ពិតប្រាកដរបស់អ៊ុយក្រែននឹងថយចុះជាង ៣០ភាគរយនៅក្នុងឆ្នាំនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



