ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail 2022 ទទួលបានការគាំទ្រខ្លាំង និងផុសផុលពីចូលរួមទាំងជាតិ និងអន្តរជាតិជាង២០០នាក់
ព្រឹត្តិការណ៍ Cambodia Elephant Trail 2022 លើកទី២ មានអត្តពលិកចូលរួមរត់ប្រណាំងជាង២០០នាក់ មកពី១៧ប្រទេសផ្សេងគ្នាលើពិភពលោក បានបញ្ចប់ដោយជោគជ័យ នឹងទទួលបានការគាំទ្រ និងផុសផុលយ៉ាខ្លាំង ។
លោក ជីម គង់ហ៊ុយ ប្រធានក្រុមការងាររៀបចំព្រឹត្តការណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងលើកទី២នេះ ដែលរៀបចំឡើងដោយកូនខ្មែរ ឆ្នាំ២០២២នេះ មានអ្នកចូលរួមកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០១៩ មានអ្នកចូលរួមតែ១១៧នាក់ ។ លោក បន្តថា អ្នកចូលរួមភាគច្រើនបង្ហាញអារម្មណ៍រីករាយ ដោយសារជាបទពិសោធន៍ថ្មីលើកទី១ គឺរត់បែបធម្មជាតិ ឡើងភ្នំ ចុុះភ្នំ ផ្លូវដី ផ្លូវគ្រួស កាត់ទឹក និងព្រៃ ខុសពីព្រឹត្តការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅភ្នំពេញ និងសៀមរាប ។
ប្រធានក្រុមការងាររៀបចំរូបនេះ បន្ថែមថា ព្រឹត្តការណ៍រត់ប្រណាំង Cambodia Elephant Trail នឹងក្លាយជាព្រឹត្តការណ៍ប្រចាំឆ្នាំ ហើយក្រុមការងារសង្ឃឹមថា ឆ្នាំក្រោយនិងមានការចូលរួមកើនឡើង២ដង ដោយសារនៅកម្ពុជា មានអ្នកចូលចិត្តកីឡារត់នេះច្រើន ។ ពីព្រោះឆ្នាំនេះ គណកម្មការរៀបចំ បានធ្វើការបិទ ឈប់ទទួលការចុះឈ្មោះចូលរួមមុនចំនួន២សប្តាហ៍ ។
ដោយលែកលោក ឃី សុភា បញ្ជាក់ថា ព្រឹត្តការណ៍នេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សុខមាលភាពសង្គម បំផុសប្រជាពលរដ្ឋចូលរួមលេងកីឡា ស្រលាញ់បរិស្ថាន បង្ហាញសាមគ្គីភាព បង្ហាញវប្បធម៌ អរិយធម៌ខ្មែរយើង តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ឲ្យពិភពលោកបានដឹងអំពីទំនាក់ទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ល្អផូផង់ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ លើពិភពលោកឲ្យមកកម្សាន្ដតាមតំបន់អេកូទេសចរណ៍ធម្មជាតិ-រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ឲ្យបានកាន់តែច្រើនបន្ថែមទៀតសំដៅលើកកម្ពស់សេដ្ឋកិច្ចសង្គម ឲ្យកាន់តែមានកំណើនខ្ពស់បន្ថែមទៀតផងដែរ ។
លោក ឃី សុភា បន្តថា ព្រឹត្តការណ៍កីឡារត់នេះ ក៏សំដៅចូលរួមលើកកម្ពស់សក្តានុពលវិស័យអត្តពលកម្មកម្ពុជាផងដែរ តាមរយៈផ្តល់ឱកាសឲ្យអត្តពលិកជាតិ បង្កើនសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ជាមួយអត្តពលិកបរទេស ជាពិសេសអ្នកស្រឡាញ់កីឡារត់តាមធម្មជាតិ ឡើងភ្នំជាដើម បង្កនូវភាពសប្បាយរីករាយជាមួយធម្មជាតិ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Cambodia Elephant Trail 2022 សហការជាមួយសាលខេត្តកំពង់ស្ពឺ គាំទ្រដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត សហការជាមួយរមណីយដ្ឋាន វី គីរីរម្យ ផាញ រីសត ផ្តល់ទីតាំង និងដៃគូឧបត្ថម្ភធំ FWD Insurance ក្នុងនោះក៏មានអ្នកឧបត្ថម្ភ និងដៃគូសហការជាច្រើនទៀតផងដែរ ៕ ចាន់ វិចិត្រ






