ក្រុមបាតុករជិត៨០នាក់ត្រូវអាជ្ញាធរចាប់ខ្លួន ក្រោយដាក់ចេញច្បាប់ហាមឃាត់ការពាក់ម៉ាស ឬរបាំងបិទមុខពេលធ្វើបាតុកម្ម
ហុងកុង៖ ក្រុមបាតុករសរុប៧៧នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួន ដោយសារតែល្មើសច្បាប់ ដែលទើបដាក់ឲ្យអនុវត្តថ្មី ស្តីពីការហាមឃាត់មិនឲ្យពាក់ម៉ាស់ ឬក៏របាំងមុខពេលធ្វើបាតុកម្ម នេះបើតាមសេចក្តីរាយការណ៍របស់ប៉ូលិសហុងកុងនៅថ្ងៃអង្គារម្សិលមិញ ។

បើតាមប្រភពខាងលើ គិតតាំងពីការចាប់ផ្តើមអនុវត្តច្បាប់ថ្មីនេះកាលពីចុងសប្តាហ៍មុននោះ មានមនុស្សយ៉ាងហោចណាស់៧៧នាក់ហើយត្រូវបានចាប់ខ្លួន ក្នុងនោះ អ្នកដែលត្រូវបានឃាត់ខ្លួន៧៤នាក់ត្រូវបានប៉ូលិសចាប់ ដោយសារការរឹងទទឹងបន្តប្រើម៉ាស់ និងរបាំងបិតមុខពេលធ្វើសកម្មភាពតវ៉ា ខណៈ០៣នាក់ទៀត គឺដោយសារមិនព្រមធ្វើតាមប៉ូលិស ដែលបានស្នើឲ្យពួកគេដកម៉ាស់មុខចេញ ។

សូមរំលឹកថា កំឡុងបាតុកម្មកាលពីចុងសប្តាហ៍មុននេះ អំពើហិង្សានៅតែបន្តផ្ទុះឡើង ដោយក្រុមបាតុករបានដុតអគារ និង ចោលគ្រាប់បែកសាំងលើប៉ូលិស ហើយវាយទាត់ធាក់លើជនសាមញ្ញ ដែលមានទស្សនៈផ្ទុយពីពួកគេឲ្យរបួសធ្ងន់ធ្ងរ ។ ជាមួយគ្នានេះ ភ្លើងសញ្ញាចរាចរណ៍រាប់សិបកន្លែង និងស្ថានីយរថភ្លើង ក៏បានរងការបំផ្លិចបំផ្លាញផងដែរ ៕ធ.ដ


