ថ្មក្រាលតំបន់ទេសចរណ៍ធម្មជាតិនៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅ ភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។តំបន់រមណីយដ្ឋានដែល មានទេសភាព ស្រស់ត្រកាល នៅអមជាប់នឹងជើងភ្នំមួយកន្លែងនេះបានប្រែខ្លួន ជាបណ្តើរៗជាមួយការអភិវឌ្ឍខ្លួនសម្រាប់ជាទីសម្រាកលំហែកាយរបស់អ្នកទេសចរមកពីគ្រប់ទិសទី។

ទឹកធ្លាក់បែបធម្មជាតិមួយកន្លែងនេះមានសក្តានុពលទេសចរណ៍យ៉ាងច្រើនអនេកសសម្រាប់ភ្ញៀវទេសចរទស្សនាលំហែកាយ ដូចជា ៖ការងូតទឹកធ្លាក់ មើលទេសភាពព្រៃភ្នំ ស្រូបខ្យល់អាកាសជាមួយ នឹងការស្តាប់សត្វព្រៃឆ្លើយឆ្លង បោះតង់សម្រាកលម្ហែកាយពេលយប់ ដើរកម្សាន្តក្នុងព្រៃ និងពិសេសទេសចរអាចដើរទស្សនាពី ដំណាំ របស់ប្រជាជនក្នុងសហគមន៍ជាច្រើនហិកតា ជាប់ជើងភ្នំឱរ៉ាល់។

ជាមួយនឹងការវិវឌ្ឍខ្លួននេះដែរបាននាំឱ្យប្រជាសហគមន៍ពឹងអាស្រ័យផលលើវិស័យអេកូទេសចរណ៍ ហើយអាចរកចំណូលផ្គត់ផ្គង់គ្រួសារ។ប្រជាសហគមន៍ដែលកាលពីមុនបានពឹងផ្អែកជាមួយនឹងធនធានធម្មជាតិនោះបានងាកមកបម្រើវិស័យទេសចរណ៍ និងវិស័យកសិកម្មដែល ជាមុខរបររឹងមាំ និងអាចរកចំណូលបានរៀងរាល់ថ្ងៃ ធ្វើឱ្យជីវភាព ផ្លាស់ប្តូរកាន់តែប្រសើរឡើង។

លោក អ៊ឺត អូន ប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំជើង លៀង ដែលស្ថិតនៅតំបន់ទឹកធ្លាក់ថ្មក្រាលនេះបានឱ្យដឹងថា សមាជិក សហគមន៍របស់លោកមានចំនួន៧២គ្រួសារនិងមានមនុស្ស២៧០នាក់។ពលរដ្ឋភាគច្រើននៅសហគមន៍នេះស្ទើរ៩៥ភាគរយ ហើយបាន អាស្រ័យផលជាមួយនឹងវិស័យទេសចរណ៍។ក្រៅពីនេះពួកគាត់ក៏បាន អាស្រ័យផលអនុផលព្រៃឈើផងដែរ។

លោកបានឱ្យដឹងដែរថា តំបន់ទឹកធ្លាក់មួយកន្លែងនេះមានភ្ញៀវទេសចរ ចូលកម្សាន្តរៀងរាល់ថ្ងៃជាពិសេស ពេលបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យជាតិផ្សេងៗ និងចុងសប្តាហ៍ ក្រោយពីសម្រាកពីការងារ។ ជាទូទៅសម្រាប់ថ្ងៃឈប់សម្រាក មានភ្ញៀវទេសចរប្រមាណ ៦០០-៧០០នាក់ ពេលខ្លះអាចឈានដល់ ២០០០នាក់ ។ទោះបីយ៉ាងណាក្នុងអំឡុងពេលកូវីដ-១៩រីករាលដាលខ្លាំងកន្លងមក មានការធ្លាក់ចុះភ្ញៀវទេសចរខ្លះៗ មកត្រឹម៥០-១០០នាក់។

គួរបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិថ្មក្រាលបើទោះបីផ្លូវ ចូលមាន សភាពពិបាកបន្តិច ។នៅទីនោះបានលាក់ខ្លួនជ្រៅបន្តិចក្តី ប៉ុន្តែអ្នក ទេសចរ មកពីគ្រប់ទិសទីបានចូលកម្សាន្ត មិនចេះដាច់នោះទេ។

ប្រជាសហគមន៍បានសាងសង់តូបលក់ដូររបស់ហូបចុកចាំទទួលស្វាគមន៍រៀងរាល់ថ្ងៃ។ក្រៅពីនេះក៏មានខ្ចុស ជាច្រើនតាមមាត់ទឹកធ្លាក់ បានសាងសង់ដង្ហែគ្នាសម្រាប់ភ្ញៀវទេសចរសម្រាកលំហែកាយដោយក្តីរីករាយ។

សូមរំលឹកថាក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំង អង្គការ ដៃគូរពាក់ព័ន្ធនានា បាននឹងកំពុងខិតខំលើកកម្ពស់លើកកម្ពស់ ជីវភាពសហគមន៍ និងព្រមជាមួយការគ្រប់គ្រងធនធានធម្មជាតិប្រកប ដោយចីរភាពនៅក្នុងតំបន់ការពាររបស់ប្រទេសកម្ពុជា។ក្រៅពីនេះ ក្រោមការគាំទ្រពីធនាគារពិភពលោកលោក ក្រសួងបរិស្ថាន និងក្រសួង អភិវឌ្ឍន៍ជនបទ អនុវត្តគម្រោង៖ «និរន្តរភាព តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រយៈពេល៦ឆ្នាំ (២០២០-២០២៥) អនុវត្តនៅក្នុងតំបន់គោលដៅរួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ និងនៅតាមតំបន់ ការពារធម្មជាតិគោលដៅរួមមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner