សារព័ត៌មានជប៉ុន NHK៖ លោក សិនហ្សូ អាបេ បេះដូងលែងដើរ និងមិនមានសញ្ញាសង្ឃឹមរស់ទេ

តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក សិនហ្សូ អាបេ បានដួលសន្លប់នៅក្នុងថ្លុកឈាមនៅតាមផ្លូវ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានគេបាញ់ប្រហារនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ក្នុងកំលុងពេលថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការបោះឆ្នោត។

សារព័ត៌មានជប៉ុន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិនានា នៅថ្ងៃសុក្រនេះបានចេញផ្សាយថា លោក អាបេ ត្រូវបានគេរាយការណ៍ថា បេះដូងលែងដើរ និងមិនមានសញ្ញាសង្ឃឹមរស់ទេ។

បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជនមកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

គិតមកទល់នឹងពេលនេះ គេមិនទាន់ដឹងពីស្ថានភាពរបស់លោក អាបេ នោះទេ តែបើតាមសារព័ត៌មាន Jiji លោក អាបេ បានហូរឈាមចេញពីក ហើយដួលសន្លប់មិនដឹងខ្លួន និងមិនមានសញ្ញាសង្ឃឹមរស់ឡើយនៅពេលបញ្ជូនទៅមន្ទីរពេទ្យ។

លោក អាបេ មានវ័យ៦៧ឆ្នាំបានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner