អភិបាលខណ្ឌចំការមន ប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ អាណត្តិទី៥ និងក្រើនរំលឹកឱ្យខិតខំបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ អាណត្តិទី៥ នៃខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ លោក ថេង សុថុល បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំអស់ពីកម្លាំងកាយចិត្ដរបស់ លោក ខាត់ ណារិទ្ឋ ប្រធានក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ អាណត្តិចាស់ ក៏ដូចអាណត្តិថ្មីនេះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ អនុវត្ដរាល់ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើន សម្រាប់ជាមូលដ្ឋានក្នុងការបន្ដអនុវត្ដការងារ របស់ក្រុមប្រឹក្សាសង្កាត់អាណត្ដិថ្មី (អាណត្តិទី៥)នេះ បន្តដឹកនាំអភិវឌ្ឍមូលដ្ឋានឱ្យរីកចម្រើនថែមទៀត។
ជាមួយគ្នានេះ លោកអភិបាល ក៏បានណែនាំដល់ក្រុមប្រឹក្សាសង្កាត់ថ្មី ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ អនុវត្ត គោលនយោបាយ ភូមិ -សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោក ថេង សុថុល បានលើកឡើងទៀតថា សមាជិកក្រុមប្រឹក្សា ដែលបានជាប់ឆ្នោត ទោះបីជាលោក-លោកស្រី ត្រូវចេះស្រលាញ់រាប់អានរួបរួមសាមគ្គីគ្នាដោយកុំប្រកាន់និន្នាការនយោបាយគណបក្ស ព្រោះយើងសុទ្ធតែជាខ្មែរតែមួយ ធ្វើយ៉ាងណារួមគ្នាបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអស់ពីចិត្តពីផ្លើម ឱ្យសាកសមដែលប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្តឱ្យយើង ។
មិនតែប៉ុណ្ណោះក្នុងអាណត្តិការងារ ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញ តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាព ក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើរភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ ៕ ដោយ / គ្រី សម្បត្តិ





