លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា ជម្រុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ជាអ្នកអនុវត្តច្បាប់យល់ដឹងបន្ថែមទៀតពាក់ព័ន្ធ ការងារប្រឆាំងការសម្អាតប្រាក់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ
ភ្នំពេញ៖ លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រឆាំងការងារជួញដូរមនុស្សនិងការពារអនីតិជននិងយេនឌ័រ ជម្រុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ជាអ្នកអនុវត្តច្បាប់យល់ដឹងបន្ថែមទៀតពាក់ព័ន្ធ ការងារប្រឆាំងការសម្អាតប្រាក់ ។ ការជម្រុញរបស់ លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរមនុស្ស អាជីវកម្មផ្លូវភេទនិងការងារពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ នាព្រឹកថ្ងែទី០៧ កក្កដាឆ្នាំ២០២២នេះ នៅសាលប្រជុំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងជាសមាជិកនៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ បានជម្រុញដល់មន្រ្តីនគរបាលជំនាញត្រូវយកចិត្តទុកដាក់បើកការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ដែលបានមកពីផលសំអាងនៃបទល្មើសជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស។ ឯកឧត្តម បន្តថា ក្នុងនាមមន្រ្តីនគរបាលជំនាញ ត្រូវយល់ដឹងនិងចេះច្បាប់ពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស ។ ដូច្នេះទាមទារឲ្យយើងទាំងអស់គ្នាជាមន្រ្តីអនុវត្តច្បាប់ត្រូវយល់ឲ្យកាន់តែច្បាស់បន្ថែមទៀតក្នុងការស៊ើបអង្កេតបទល្មើសប្រឆាំងការសម្អាតប្រាក់ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ។
លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា លើកឡើងថា ក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ជាអ្នកអនុវត្តច្បាប់ពាក់ព័ន្ធការងារប្រឆាំងការងារជួញដូរមនុស្សនិងការពារអនីតិជន ក៏ត្រូវយល់ដឹងជំនាញបន្ថែមមួយទៀតដែលខានមិនបាននោះគឺការងារពាក់ព័ន្ធនិងបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មដែលក្នុងនោះមានហិរញ្ញប្បទានដែលបានមកពីបទល្មើសផ្សេងៗទៀត។
លោកជំទាវ យក់ សុខា ក៏បានបញ្ជាក់ផងដែរថា ក្នុងនាយកដ្ឋានប្រឆាំងការងារជួញដូរមនុស្សនិងការពារអនីតិជនដែលមានឯកឧត្តម ជីវ ផល្លី ជាសមាជិកនៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ ក៏មានករណីជាច្រើនពាក់ព័ន្ធការសម្អាតប្រាក់ដែលក្រុមការងារបង្ក្រាបសម្អាតប្រាក់និងធ្វើការស្វែងរកអោយឃើញនូវករណីដែលបានបង្កប់នៅក្នុងបទល្មើសដែលបានផលពីបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទអោយទៅជាការសម្អាតប្រាក់។
លោកជំទាវ យក់ សុខា បានសម្តែងការលើកទឹកចិត្តអោយមន្ត្រីនគរបាលយកចិត្តទុកដាក់ក្នុងការស្តាប់វាគ្មិនជំនាញដែលធ្វើការពន្យល់ ដើម្បីជាទុននិងចំណេះដឹងបំរើអោយការងារជំនាញ ព្រោះការងារសម្អាតប្រាក់គឺជារឿងសកលទាមទារអោយមន្ត្រីនគរបាលយុត្តិធម៌ត្រូវតែចេះនិងច្បាស់លាស់ផងដែរ ៕ ដោយ ហេង សម្បត្តិ







